(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អបអសាទរចំពោះលោក ហ៊ុយ វណ្ណៈ ដែលបានជាប់ជាប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក។ បើតាមលិខិតរបស់រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរក្នុងឱកាសដែលឯកឧត្តម​ ត្រូវបានជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងពេលថ្មីៗនេះ»

លោករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ការបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងជម្រុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសការពារ និងបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ក៏សូមជូនពរលោក ហ៊ុយ វណ្ណៈ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលជោគជ័យថ្មីៗថែមទៀត៕