(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ ជាមួយអណាព្យាបាលសិស្សមកប្រឡងបាក់ឌុប នាតាមបណ្ឌលប្រឡងទាំងអស់ នៅទីរួមខេត្តកំពង់ស្ពឺ។

 សូមបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ដោយមានកិច្ចសហការរវាងស្ថាប័ន និងមន្ទីរពាក់ព័ន្ធផ្តល់ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ជូនអណាព្យាបាល និងសិស្សដែលមកនៅតំបន់ឆ្ងាយៗ ហើយមកប្រឡងនៅទីរួមខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ លោក វ៉ី សំណាង បានអញ្ជើញបើកវិញ្ញាសាប្រឡង ទុតិយភូមិថ្ងៃទី២ នាព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៦នេះ នៅមណ្ឌលអនុវិទ្យាទីរួមខេត្តហៅតាំងទន្លេ ស្ថិតក្នុងភូមិតាំងទន្លេ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ មន្ត្រីលោកគ្រូ អ្នកគ្រូ ជាគណៈកម្មាធិការមេប្រយោគ ក្នុងពេលបើកវិញ្ញាសាថា ត្រូវមើលការខុសត្រូវដោយឈលើស្មារតី ទទួលខុសត្រូវខ្ពស់ មិនត្រូវឲ្យមានបែកធ្លាយ នៅវិញ្ញាសា ឬប្រើប្រាស់អប្បកិរិយាមិនសមរម្យដល់សិស្សជាបេក្ខជនដែរ។

នៅពេលចុះសួរសុខទុក្ខ លោក វ៉ី សំណាង អភិបាលខេត្តបានផ្តាំផ្ញើដល់ប្អូនៗថា ឆ្នាំនេះសូមឲ្យប្អូនប្រឡងដោយ យកចិត្តទុកដាក់ ធ្វើវិញ្ញសាឲ្យពេញម៉ោងមិនត្រូវធ្វេសប្រហែសក្នុងពេលធ្វើសំណួរ ។ សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន ០៩ កន្លែងស្មើ ៣២បន្ទប់៕