(កៀវ)៖ ខណៈពេលដែលកងទ័ព និងសព្វាវុធរុស្ស៊ីបានត្រៀមទុកជាស្រេច ដើម្បីចេញប្រតិបត្តិការក្នុងគ្រាមានអាសន្ន នោះ រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាក់ថាខ្លួន​នៅតែមាន ការប្តេជ្ញាខ្ពស់​ក្នុងការដោះស្រាយជម្លោះ នៅតំបន់ភាគខាងកើត ប្រកបដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​ លោក Igor Dolkov បាននិយាយថា «សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនកន្លងមកនេះ កំពុងសំដៅទៅរកការប្រកាន់ខ្ជាប់ខ្ជួន បំផុតចំពោះកិច្ចព្រមព្រៀង ទីក្រុង Minsk ហើយវាក៏ជាការ អនុវត្តទៅតាមអ្វីដែលអ៊ុយក្រែន បានប្តេជ្ញាកន្លងមកផងដែរ»។ វាជាអ្វីដែលបានលើកឡើងនៅក្នុង ជំនួបជាមួយលោក Ertugrul Apakan ប្រធានអង្គការសម្រាប់ សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) និងជាអ្នកអង្កេតការណ៍ពិសេស មកកាន់ប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ជម្លោះរវាងប្រទេសអ៊ុយក្រែន និងក្រុមបំបែករដ្ឋទីក្រុងភាគខាងកើត បានឈានទៅរករយៈពេល ២៨ខែហើយ ដោយក្នុងនោះ ភាគីរុស្ស៊ីបានសម្តែងការគាំទ្រ ចំពោះក្រុមបំបែករដ្ឋ ដែលគាំទ្រខ្លួនជានិច្ច។ ដោយឡែក ហេតុការណ៍នៅតំបន់គ្រីមា កាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏ប៊ិះនឹងនាំឲ្យប្រទេសអ៊ុយក្រែន និងរុស្ស៊ីកើតមានការ ប្រឈមមុខដោយយោធាផងដែរ។ ជម្លោះនៅភាគខាងកើត អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤ នោះបានបណ្តាលឲ្យ មនុស្សជាង ៩,៥០០នាក់ ហើយបាត់បង់ជីវិត៕