(ព្រះសីហនុ)៖ លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានដឹកនាំសហការី សហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកស្នងការខេត្ត ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បើកការស៊ើបអង្កេត ចាប់មុខសញ្ញាលក់ចែកចាយថ្នាំញៀន១ករណី នៅតំបន់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលដែលមុខសញ្ញា កំពុងលក់ថ្នាំញៀនជាក់ស្តែងតែម្តង ដោយបានធ្វើការឆែកឆេររកឃើញថ្នាំញៀន ចំនួនចំនួន ២២កញ្ចប់ តូចផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុខសញ្ញាមានឈ្មោះ ជឿន ផល្លា អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តំបន់ខាងកើតរ៉ារទេះភ្លើង មុខរបររត់ម៉ូតូឌុប។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនោះរូបគេបានទិញមកពីភ្នំពេញ យកមកលក់ឲ្យពួកតៃកុងឡាន ដឹកកុងតឺន័រ ហើយរូបគេបានប្រកបរបរនេះ អស់រយៈពេល ៥ ,៦ ខែ មកហើយ។

សម្រាប់ជនសង្ស័យរូបនេះត្រូវបាន យកទៅសួរនាំ នៅការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕