(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ គឺជាថ្ងៃទី២ នៃការប្រឡងត្រូវបានបញ្ចប់​ ដោយមានបេក្ខជនអវត្តមានកើនឡើងដល់១៣០៧នាក់ និងសន្លប់រហូតដល់២៤នាក់ នៅទូទាំងប្រទេស។

ទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងនៅមុននេះបន្តិចថា ​«ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា) ដោយក្នុងនោះ បេក្ខជនអវត្តមានកើនឡើងដល់១៣០៧នាក់ ចំណែកឯបេក្ខជនមានបញ្ហាសុខភាព២៤នាក់»

ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការសំណេរបានបន្តប្រព្រឹត្តទៅដោយរលូនល្អ ពោលគឺគណៈមេប្រយោគ គ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់​ ក្នុងការបំពេញភារកិច្ច ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ដោយ។ ដោយឡែកបេក្ខជនបន្តគោរពបទប្បញ្ញត្តិ នៃការប្រឡងបានល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរដែនដីកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី និងសង្កេតការណ៍ស្ម័គ្រចិត្តមក ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលពាក់ព័ន្ធ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បាននិងកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប​៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕