(កណ្ដាល)៖ លោកឧត្តសេមនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ខ្យល់គស្លាប់ នៅម៉ោង៣៖៤៥នាទីទាបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ​នៅទីបញ្ជាការដ្ឋាន ស្ថិតក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល។

​បើតាមសាក្សីឈ្មោះ ឃួន ឈឿន បាន​ឲ្យដឹងថា នៅ​រសៀលម្សិលមិញនេះ ជនរងគ្រោះបានអង្គុយនៅសាឡុង ខាងមុខទីបញ្ជាការ ហើយនិយាយថា «ឈឺគ្រាប់ភ្នែក» មិនបានទៅហូបបាយទេ ក៏ចូលទៅសម្រាក ក្នុងបន្ទប់លុះដល់ម៉ោងខាងលើ ខ្លួនបានក្រោកមកបន្ទប់ទឹក ស្រាប់តែប្រទះឃើញ​សពស្លាប់ផ្ងាកក្រោយ លើសួនច្បារ ខាងមុខទីបញ្ជាការស្លាប់បាត់ទៅហើយ ដោយមានក្រមា និង​ស្លៀកខោខ្លីជាប់នឹងខ្លួន។

លោក ឡុង សុផាន់ណា ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថាឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយ គឺលើសឈាមជាយូរឆ្នាំមកហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថា សពជនរងគ្រោះសា្លប់ដោយសារខ្យល់គ។ បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ក្នុងខណ្ឌឬស្សីកែវ៕