(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្នុងអគារសេនាធិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។  

កិច្ចប្រជុំត្រួតពិនិត្យការងារខាងលើ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍, នាយរងសេនាធិការដ្ឋាន, ស្នងការ, នាយកសាលា, ស្នងការរង, នាយការិយាល័យ, មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងមេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន ប្រធានមន្ទីរយុត្តិធម៌ នៃមន្រ្តីកងរាជអាវុធហត្ថរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គមសណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ-អន្តរជាតិ ក្នុងដំណើរទស្សនកិច្ច រាល់កិច្ចប្រជុំតូច-ធំ បានល្អប្រសើរ។

លោកបន្តថា ក្នុងខែសីហានេះ អំពីបទល្មើសបានកើតឡើងចំនួន១៨ករណី ស្មើនឹង៣៦៧លើក ក្នុងនោះមាន បទឧក្រិដ្ឋកើតមាន ១៤៩លើក និងបទមជ្ឈិមកើតមាន២១៨លើក ដោយកងរាជអាវុធហត្ថ បានចុះបង្ក្រាបបាន១៩៤លើក (បទឧក្រិដ្ឋបង្ក្រាបបាន៩០លើក និងបទមជ្ឈិមបង្ក្រាបបាន១០៤លើក)។

ការងារស្រាវជ្រាវបង្ក្រាបបទល្មើស អំពើលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) បានចំនួន៦លើក, អំពើឃាតកម្មចំនួន៥លើក, រំលោភសេពសន្ថវៈចំនួន២លើក, ការជួញដូរមនុស្សចំនួន១លើក, បទបង្ខាំងមនុស្សដោយខុសច្បាប់ចំនួន១លើក, អំពើលួចចំនួន ៣៣លើក, ការកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មាន ច្បាប់អនុញ្ញាតចំនួន៤លើក, អំពើហិង្សាដោយចេតនាចំនួន១៨លើក, ធ្វើឱ្យខូចខាត ដោយចេតនាចំនួន២លើក, ប្រទូស្តកេរ្តិ៍ខ្មាស់ចំនួន១លើក, ការជួញដូរចែកចាយគ្រឿងញៀន៧៥លើក, ការប្រើប្រាស់គ្រឿងញៀន ចំនួន២០លើក, បទរំលោភលើសេចក្តីទុកចិត្ត៧លើក, ល្បែងស៊ីសងចំនួន៤លើក។

ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថបានចូលរួមធ្វើប្រតិបត្តិការ ការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់, ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា, ការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។

ទន្ទឹមនឹងនោះដែរ កងរាជអាវុធហត្ថទូទាំងប្រទេសបានខិតខំប្រឹងប្រែងកសាងអង្គភាព ជំរំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារធានា ជីវភាព ធានាមធ្យោបាយសម្ភារៈ ព្រមទាំងការងាររដ្ឋបាលអធិការកិច្ច៕