(ស្ទឹងត្រែង)៖ បុរសនិងស្ត្រីវ័យចំណាស់ពីរនាក់ បានរងនូវការបុកពីរថយន្ត សាំយ៉ុង ១គ្រឿង ដែលកំពុងជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ ១ខ្សែក្នុងក្រុង ស្ថិតត្រង់ចំណុចផ្លូវបំបែកជា៤ ក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេជួយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឯអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ជនរងគ្រោះមានចំនួនពីរនាក់ ម្នាក់ឈ្មោះកង នឿន ភេទប្រុស អាយុ៦២ឆ្នាំ រងរបួសពេញរាងកាយ និងម្នាក់ទៀត ឈ្មោះហ៊ឺ យឿន ភេទស្រី អាយុ៦២ឆ្នាំ របួសបាក់ភ្លៅស្តាំ ជនរងគ្រោះទាំងពីរនាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

លោកបន្តថា សាក្សីអ្នកឃើញហេតុការណ៍នេះ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងប្រភេទឌ្រីមសង់ C-125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8025 ក្នុងទិសដៅពីជើងមកត្បូង។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្ត១គ្រឿង ប្រភេទសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A.1011 បើកបរក្នុងទិសដៅពីលិចមកកើត បានមកបុកអ្នកជិះម៉ូតូទាំងពីរនាក់ នៅចំណុចប្រសព្វផ្លូវបំបែកជា៤ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។

មន្ត្រីនគរបាលដដែលបាន ឲ្យដឹងទៀតថា ក្រោយហេតុការណ៍នេះ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងរថយន្តបង្កហេតុ រីឯជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះជីវិត។ ចំណែក រថយន្តត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នា៕