(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ជើងឯកពិភពលោក World Cup 2018 នឹងចាប់ផ្តើមជើងទី១ ប្រចាំ ទ្វីបអាស៊ី (AFC) ដែលជាជុំចុងក្រោយគេ មុនទៅលេងវគ្គផ្តាច់ព្រ័ត្រ ៣២ក្រុមចុងក្រោយនៅប្រទេសរុស្ស៊ី ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។

តាមរយៈគេទំព័រកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានឲ្យដឹងថា ការប្រកួតជើងទី១ នៃជុំទី៣ចុងក្រោយគេនេះ នឹង ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០១ ខែកញ្ញាខានស្អែកនេះហើយ ដោយនៅសល់តែ១២ប្រទេសប៉ុណ្ណោះបានឡើងដល់ជុំ ផ្តាច់ព្រ័ត្រនេះ ដោយក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម សុទ្ធតែធ្លាក់ក្នុងជុំទី២ទាំងអស់ មានតែថៃមួយទេដែល បានឆ្លងផុត ដែលត្រូវប្រជែងជាមួយក្រុមជម្រើសជាតិអូស្រ្តាលី ជប៉ុន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងអ៊ីរ៉ាក់ ពីក្នុងពូល B ធ្វើការប្រកួត២ជើង ដូរទឹកដីគ្នា។

សម្រាប់ពូល A វិញក៏មាន៦ក្រុមដែរ គឺជម្រើសជាតិអ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន ចិន កាតា និងស៊ីរី។ អ្វីដែលគួរឲ្យ កត់សម្គាល់នោះគឺ ក្រុមជម្រើសជាតិដែលបានបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ៣២ក្រុមចុងក្រោយនៃ World Cup 2014 នៅប្រទេសប្រេស៊ីលមាន អ៊ីរ៉ង់ កូរ៉េខាងត្បូង អូស្រ្តាលី និងជប៉ុន សុទ្ធតែឡើងមកដល់ជុំទី៣នេះដូចគ្នា ខណៈដែលក្រុម ឈរនៅលេខ១ និងលេខ២ ទាំង២ពូល ឈ្នះកៅអីទៅលេង World Cup 2018 នៅរុស្ស៊ី គ្រាដែលលេខ៣ ពូល A និង ពូល B ប្រកួត២ជើងទៀត ដើម្បីស្វែងរកក្រុមឈ្នះទៅប្រកួតជម្រុះជាមួយក្រុមស្ថិតនៅតំបន់អាមេរិកខាងជើង (CANCACAF) ជាបន្តទៀត ដើម្បីយក ១កៅអីទៀត។

សូមបញ្ជាក់ផងដែរថា សម្រាប់កៅអី World Cup ទ្វីបអាស៊ីត្រូវបាន FIFA ឲ្យកៅអី ៤កន្លះ ខណៈដែលប្រទេសម្ចាស់ ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក រយៈពេល៤ឆ្នាំមានម្តងនេះ ផ្តល់អាទិភាពមានកៅអី១រួចជាស្រេច រង់ចាំប្រកួតតែម្តង៕