(ស្ទឹងត្រែង)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់សមាគមអតីតយុទ្ធ នៅយោធភូមិភាគ១ នៅខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជន បានជំរុញឲ្យសមាជិក សមាជិកអតីតយុទ្ធជនទាំងអស់ ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ ដើម្បីមានសិទ្ធិ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ក៏ដូចជាជ្រើសរើសមេដឹកនាំនៅឆ្នាំ២០១៨។

ក្រៅពីការជំរុញឲ្យអតីតយុទ្ធជននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ដែលកំពុងធ្វើដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជន នៅតាមបណ្តាខេត្តនានានោះ ក៏បានជំរុញឲ្យធ្វើអត្តសញ្ញាណបណ្ណជូនអតីតយុទ្ធជន ឲ្យបានគ្រប់គ្នាផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់សមាគមអតីតយុទ្ធជន បានបញ្ជាក់ថា នៅយោធភូមិភាគទី១នេះ មានអតីតយុទ្ធជនសរុប ១,៥២៦នាក់៕