(សេអ៊ូល)៖ តាមរបាយការណ៍សម្ងាត់ ដែលកូរ៉េខាងត្បូងទទួលបាន គឺប្រទេសកូរ៉េខាងជើងបាននិងកំពុង ចំណាយពេលស្ទើរទាំងស្រុង ទៅលើការអភិវឌ្ឍនិងផលិតគ្រាប់មីស៊ីល នៅក្នុងឆ្នាំ២០១៦ នេះ ហើយជា លទ្ធផលគឺការធ្វើតេស្ត មីស៊ីលបាញ់ចេញពីនាវាមុជទឹក ដោយជោគជ័យ កាលពីសប្តាហ៍មុននោះឯង។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

ទោះបីជាកូរ៉េខាងជើង អាចធ្វើការអភិវឌ្ឍគ្រាប់មីស៊ីល ដែលយើងហៅថា SLBM នោះក្តី ក៏ប្រទេសនេះនៅ ខ្វះខាតចំនួន នាវាមុជទឹកនៅឡើយ ដោយមិនទាន់អាចបង្កើត ជាកងនាវាមុជទឹកដើម្បី បំពាក់គ្រាប់មីស៊ីល ដែលខ្លួនទើបអភិវឌ្ឍន៍បាន ដោយជោគជ័យនៅឡើយទេ។ ជាក់ស្តែងលទ្ធផលនេះ បានធ្វើឲ្យកូរ៉េខាងត្បូង អាមេរិក និង ជប៉ុនមានការព្រួយបារម្ភកាន់តែកើនឡើងរួចទៅហើយ និងបានបង្ខំឲ្យទីក្រុងសេអ៊ូល និង តូក្យូ ធ្វើការបង្កើនថវិកាជាតិ សម្រាប់ឆ្នាំក្រោយ ដើម្បីអភិវឌ្ឍន៍វិស័យការពារជាតិរៀងៗខ្លួន បន្ថែមទៀត។

ងាកមកមើលរបាយការណ៍សម្ងាត់ ដែលទើបតែត្រូវបានទម្លាយចេញ ដោយទីក្រុងសេអ៊ូលនោះវិញ គឺរោងចក្រ ធំៗចំនួនបីដែលត្រូវគេស្គាល់ថា ជាកន្លែងផលិតសព្វាវុធ និងគ្រឿងចក្រកូរ៉េខាងជើង បានចាប់ផ្តើមដំណើរការ និងពង្រីកវិសាលភាព កាន់តែធំជាងមុន។ តាមរូបភាពពីផ្កាយរណបដែល Reuters ទើបនឹងទទួលបាននោះ គឺកូរ៉េខាងជើងពិតប្រាកដណាស់ ថាកំពុងតែចម្រាញ់ នូវវត្ថុធាតុដើមនានា ដើម្បីធ្វើការផលិតអាវុធមីស៊ីល បន្ថែម ហើយវាទំនងជាមិនមែន នុយក្លេអ៊ែរនោះឡើយ៕