(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា ក្រោយពីច្បាប់សហជីពត្រូវបាន ចូលជាធរមាននោះ បច្ចុប្បន្ននេះ ចំនួនសហជីពមានការកើនឡើងប្រមាណជាង៣០០ ទៅ៤០០ សហជីព។ លោករដ្ឋមន្ដ្រី អះអាងបែបនេះ នៅក្នុងសិក្ខាសាលាស្ដីពី «ការចុះបញ្ជីសហជីព និងសមាគមនិយោជក» នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលដែលច្បាប់សហជីព ចូលជាធរមាន បើយើងពិនិត្យតួលេខចំនួនសហជីព មកទល់ឥឡូវមានការកើនឡើងរាប់រយ ចន្លោះពី៣០០ ទៅ៤០០ សហជីព»

លោកបន្ថែមថា ការចុះបញ្ជីអង្គការវិជ្ជាជីវៈសរុបចំនួន៣៥៩៨ ដែលក្នុងនោះ សហជីពមូលដ្ឋានមាន៣៤៦៩សហជីពសហព័ន្ធ សហជីពពីមុនមាន៨២ តែឥឡូវមាន១០៣សហជីព សហភាពសហជីពពីមុនមាន១៧ ឥឡូវមាន១៨សហជីព និងសមាគមននិយោជក មាន៨ ហើយនេះជាសក្ខីភាពមួយបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងការងារ ក៏ដូចជាច្បាប់សហជីព មិនបានរារាំងទៅដល់សហជីព និងអង្គការវិជ្ជាជីវៈ នោះទេ។ លោករដ្ឋមន្ដ្រី បន្ថែមថា នៅដែលមានច្បាប់សហជីពហើយ សេរីភាពរបស់សហជីព ត្រូវបានធានា ប៉ុន្ដែសេរីភាពនេះ ត្រូវតម្រង់ទិសទៅតាមច្បាប់។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីសហជីព ត្រូវបានចូលជាធរមាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ហើយច្បាប់នេះ មាន១៧ជំពូក និង១០០មាត្រា៕