(សៀមរាប)៖ និស្សិតជប៉ុន១០នាក់ ដែលចុះកម្មសិក្សានៅតំបន់អង្គរ២សប្តាហ៍ បាននាំគ្នាដាំកូនឈើ នៅភូមិធម្មជាតិរុនតាឯក ខណៈចុះទៅ ទស្សនកិច្ចសិក្សានៅទីនោះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីរួមចំណែកការពារបរិស្ថាន និងលម្អសោភ័ណភាព ភូមិរុនតាឯក ឱ្យកាន់តែស្រស់ស្អាត។

លោក ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងទីប្រឹក្សា នៃអាជ្ញាធរជាតិ អប្សរា បានសម្តែងនូវសេចក្តីរីករាយចំពោះវត្តមាន និស្សិតទាំងអស់ ដែលបានមកទស្សនកិច្ចសិក្សានៅទីនេះ ដើម្បីស្វែងយល់អំពី ការរៀបចំគម្រោងអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯករួមទាំង វិស័យអប់រំ និងការប្រកបរបររបស់អ្នកស្រុកដែលនៅទីនេះ។ ជាពិសេស គឺការចូលរួមដាំ ដើមឈើដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពនៅរុនតាឯក ជាសកម្មភាពមួយដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់បំផុត ហើយកន្លងមកក្រុមការងារ និងក្រុមទេសចរ ដែលមកកម្សាន្តនៅទីនេះ ក៏បានដាំដើមឈើបានរាប់រយដើមផងដែរ។

លោក បន្ថែមថា ប្រវត្តិនៃការបង្កើតភូមិធម្មជាតិរុនតាឯកដែរថា បង្កើតឡើងនៅឆ្នាំ២០០៤ ដើម្បីជាដំណោះស្រាយក្នុងការរៀបចំ គោលនយោបាយដីធ្លី និងប្រជាជនក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ករណីដែលអ្នកស្រុកអង្គររៀបការថ្មីថ្មោង ហើយមានបំណង ចង់បំបែកគ្រួសារពីឪពុកម្តាយ អាចមកតាំងទីលំនៅឋាននៅ ភូមិធម្មជាតិរុនតាឯកបាន ហើយការតាំងលំនៅឋាននៅទីនេះគឺធ្វើឡើងដោយ គោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែបើគ្រួសារថ្មីណា ដែលមិនចង់បែកផ្ទះសម្បែងពីគ្រួសារដើមខ្លួនទេ ពួកគាត់អាចបន្តរស់នៅជាមួយឪពុកម្តាយ ទៀតបាន។

លោក បានបញ្ជាក់ថា​ បច្ចុប្បន្នប្រជាជនរស់នៅទីនេះមានជិត១០០គ្រួសារហើយ ដោយប្រកបរបរកសិកម្មជាសំខាន់ ព្រោះនៅទីនេះមាន អំណោយផលបំផុត​ ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរា ក៏មានបំណងអភិវឌ្ឍន៍ទីនេះ ឱ្យក្លាយទៅជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិនៅលើទីផ្សារ និងជាកន្លែងទេចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់ផងដែរ ព្រោះមានដៃគូពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ជាច្រើន បានចាប់អារម្មណ៍ ខ្លាំងចំពោះទីតាំងមួយនេះ។

ទាក់ទងនឹងសកម្មភាពដាំដើមឈើនេះដែរ ក្រុមនិសិ្សតទាំងអស់ បានបង្ហាញនូវភាពរីករាយ ដែលបានបន្សល់ទុកនូវកូនឈើអនុស្សាវរីយ៍ នៅទីនេះ ពិសេសបទបង្ហាញល្អៗ ពីការរៀបចំភូមិធម្មជាតិរុនតាឯក និងការរស់នៅរបស់ប្រជាជន រួមទាំងបានដើរមើលពីកសិកម្មនៅផ្ទះ និងចម្ការគំរូផងដែរ៕