(ភ្នំពេញ)៖ ដំណើរការកំណែមុខវិជ្ជាទាំង១០ របស់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបញ្ចប់ជាស្ថាពរ នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។

Facebook របស់ក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា «ដំណើរការកំណែមុខវិជ្ជាទាំង១០ ត្រូវបានបញ្ចប់ទាំងស្រុងក្រោម ការបំពេញភារកិច្ច យ៉ាងសកម្មនិងមានទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំង ការចូលរួមសង្កេតការណ៍ជាប្រចាំ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ»

ក្រសួងអបរំ បន្ថែមថា ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមកទុកនៅនាយកដ្ឋានមធ្យមសិក្សា ចំណេះទូទៅ ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមកទុក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

សូមរំលឹកថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្តផ្សេងទៀតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕