(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ៣រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមមានលោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និង លោក ឡុង ប៊ុត្តា បានបញ្ចប់ការដាក់ញត្តិទៅកាន់បណ្តាស្ថានទូតប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីសហើយ ខណៈកងកម្លាំងសមត្ថកិច្ចរឹតបន្តឹងសន្តិសុខខ្លាំងរួមមានការបិទកំណាត់ផ្លូវជាតិលេខចន្លោះទីស្នាក់ ការគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យផងដែរ ក្នុងន័យរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់។

ដូចការដែលបានប្រកាសតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនៅព្រឹកព្រលឹមថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានយកញត្តិទាម ទាររបស់ខ្លួនទៅកាន់បណ្តាស្ថានទូតបណ្តាប្រទេសប្រចាំនៅកម្ពុជា ដែលជាម្ចាស់ហត្ថលេខី នៃព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ ញត្តិរបស់គណបក្សសង្រ្គោះជាតិ ក្នុងបំណងបង្ហាញពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា និង ចង់ឲ្យបណ្តាប្រ  ទេសទាំងអស់នេះ ជួយអន្តរាគមន៍ដោះស្រាយបញ្ហានយោបាយនៅកម្ពុជាផងដែរ ជាពិសេសចង់ឲ្យជួយអន្តរាគមន៍ដល់រាជរដ្ឋាភិបាល កម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំរបស់ពួកគេ គឺលោក សម រង្ស៊ី និង លោក កឹម សុខា ដែលកំពុងចាក់ស្រេះដោយ សំណុំរឿងតាមប្រព័ន្ធតុលាការលើបទល្មើសផ្សេងៗគ្នា។

ការដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃចន្ទនេះ មិនមានការដង្ហែក្បួនអ្វីនោះឡើយ មានតំណាងរាស្រ្តតែចំនួន៣រូបប៉ុណ្ណោះ រួមមានលោកស្រី មួរ សុខហួរ លោកស្រី ហូរ វ៉ាន់ និង លោក ឡុង ប៊ុត្តា បានយកទៅស្ថានទូតចំនួន១៣ ប្រចាំនៅកម្ពុជារួមមាន៖ ស្ថាន ទូតអូស្ត្រាលី រុស្ស៊ី បារាំង អង់គ្លេស អាមេរិក សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ជប៉ុន អាល្លឺម៉ង់ ឡាវ និង ហ្វីលីពិន។

លោកស្រី មួរ សុខហួរ បានឲ្យដឹងថា ការដង្ហែនេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយក៏បានរំពឹងថា នឹងទទួលបានការឆ្លើយតប  ដោយផ្លែផ្កាពីស្ថានទូត ដែលបានដាក់ញត្តិផងដែរ។ បើទោះបីជាយ៉ាងណាការដង្ហែញត្តិ មានស្ថានទូតមួយចំនួន ក៏មានតំណាងចេញ មកទទួលញត្តិ ហើយស្ថានទូតខ្លះទៀតមិនតំណាង ចេញមកទទួលញត្តិនោះឡើយ គឺបានដាក់នៅត្រឹមសន្តិសុខប៉ុណ្ណោះ។

ជាមួយនិងការដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិនាព្រឹកថ្ងៃចន្ទនេះ សន្តិសុខត្រូវបានពង្រឹងខ្លាំងណាស់ផងដែរ ពីកងកម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ។ កំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅចន្លោះទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  ត្រូវបានបិទមិនឲ្យធ្វើដំណើរតាំងពីព្រឹកព្រលឹម។ ការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ២ ត្រូវបានប្តូរទៅតាមដងវិថីផ្សេងជំនួសវិញ ជា ហេតុនាំឲ្យមានការកកស្ទះចរាចរណ៍ខ្លាំងណាស់ផងដែរ។

គណបក្សសង្រ្គោះជាតិ បានសម្តែងការសោកស្តាយចំពោះការបិទកំណាត់ផ្លូវជាតិលេខ២នេះ។ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណ បក្សសង្រ្គោះជាតិ បានថ្លែងការបិទនេះ មិនមែនបិទមិនឱ្យគណបក្សសង្រ្កោះជាតិ នាំញត្តិដាក់នៅតាមស្ថានទូតទេ គឺបិទសិទ្ធិសេរីភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមទៀតថា «អាជ្ញាធរមិនគួរព្រួយបារម្ភ ហួសហេតុពេកទេ គម្រោងរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃចន្ទនេះ គឺយើងជួប ជុំជាមួយប្រជាពលរដ្ឋ នៅទីស្នាក់ការកណ្តាល ដើម្បីបង្ហាញជំហររបស់ក្រុមសមាជិកសភា ហើយបន្ទាប់មកក្រុមសមាជិកសភា នឹងយក ញត្តិដាក់នៅស្ថានទូត នៃប្រទេសហត្ថលេខី កិច្ចព្រមព្រៀងទីក្រុងប៉ារីសតែប៉ុណ្ណោះ ប៉ុន្តែយើងសោកស្តាយដែលអាជ្ញាធរភ័យស្លន់ស្លោ ខ្លាំងពេក»

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញមកច្រានចោលភ្លាមៗផងដែរ នូវការលើករបស់បក្សប្រឆាំង។ លោកអភិបាល  រាជធានីភ្នំពេញ បានប្រាប់ Fresh News ការបិទផ្លូវនេះ គឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសរារាំងគណបក្សសង្រ្គោះជាតិ  ដែលមានបំណងធ្វើការដង្ហែក្បួនយកញត្តិទៅដាក់ តាមស្ថានទូតនានា ដែលនាំឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំង។

បើតាមលោក ប៉ា សុជាតិវង្ស ការបិទផ្លូវជាតិលេខ២នេះ ជាវិធានការទប់ទល់នឹងក្បួនដង្ហែញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលលោក ថា នឹងធ្វើឲ្យមាន ការប៉ះពាល់ខ្លាំងដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ប្រសិនបើត្រឹមគណបក្ស សង្រ្គោះជាតិយកញត្តិទៅដាក់តាមស្ថានទូត តាមធម្មតា នោះអាជ្ញាធរមិនរារាំងឡើយ តែគណបក្សសង្រ្គោះជាតិបានកែនប្រជាពលរដ្ឋ ពី តាមបណ្តាខេត្ត និងសកម្មជនមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែញត្តិនេះ។

លោកបានថ្លែងដូច្នេះ «ជាក់ស្តែងគាត់បានធ្វើចលនាមនុស្សពីខេត្ត ចលនាសកម្មជនមួយចំនួនក្នុងទីក្រុងបង្កើតឲ្យមានស្ថានភាពអ៊ីចឹង របៀបធ្វើនយោបាយអ៉ីចឹង យកប្រជាជនមកធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សណ្តាប់ធ្នាប់អ៉ីចឹង វាអាក្រក់អាក្រីណាស់ វាលំបាកណាស់  ដែលយើងមិនអាចទទួលយកបានទេ។ ដូច្នេះហើយជាបញ្ហា ដែលយើងប្រកាន់ឥរិយាបថមួយឲ្យច្បាស់លាស់ ហើយការងារនេះ មិនប៉ះ ពាល់ដល់លទ្ធិប្រជាធិបតេយ្យអីទេ»

លោកអភិបាលរាជធានីភ្នំពេញ ក៏បានទទូចទៅបក្សនយោបាយ និងសង្គមស៊ីវិល ឲ្យបញ្ឈប់ការយករូបភាពប្រជាពលរដ្ឋមកដង្ហែក្បួនជា លេសសម្តែងមតិ ដែលវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខសណ្តាប់ក្នុងរាជធានីភ្នំពេញ។

លោកបានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់គណបក្សនយោបាយ និងសង្គមស៊ីវិល មិនគប្បីយករូបភាពមហាជនដើរក្បួន ឬជិះឡាន តាមក្បួន មកធ្វើជាហេតុផល នៃការសម្តែងមតិ មិនគួរប្រើប្រាស់រូបភាពនេះទេ ធ្វើឲ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ ទីក្រុងហ្នឹងមិនមែន របស់យើងម្នាក់ឯណា។ យើងត្រូវគិតមនុស្ស ៣លាននាក់ ដែលត្រូវការទីក្រុងនេះ ចរាចរណ៍រាល់ថ្ងៃ អ៉ីចឹងយើងយកផលប្រយោជន៍យើង មួយ បំផ្លាញផលប្រយោជន៍អ្នកដទៃ អាហ្នឹងជាបញ្ហាគ្រោះថ្នាក់ណាស់»

បើទោះបីជាយ៉ាងណារហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ កំណាត់ផ្លូវជាតិលេខ២ ត្រូវបានបើកឲ្យដំណើរ ការឡើងវិញជាធម្មតាវិញ ក្រោយគណបក្សសង្រ្គោះជាតិ បានយកញត្តិទៅដាក់ស្ថានទូតដោយមិនមានការដង្ហែក្បួននោះ។

សូមបញ្ជាក់ថា គ្រាដែលគណបក្សសង្រ្គោះជាតិមានការប្រកាសធ្វើការជួបជុំ និងធ្វើការដង្ហែញត្តិទាមទាររកនូវកិច្ចអន្តរាគមន៍ផ្នែកនយោ បាយជាដើមនោះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរបស់គេដែលកំពុងនៅក្នុងប្រទេសកម្ពុជា ឲ្យចៀស ឆ្ងាយពីការប្រមូលផ្តុំទាំងនោះ និងឲ្យមានការប្រុងប្រយ័ត្នខ្ពស់បើត្រូវធ្វើដំណើរឆ្លងកាត់កន្លែងជួបជុំ ឬប្រមូលផ្តុំរបស់គណបក្សសង្រ្គោះជាតិ៕