(ភ្នំពេញ)៖ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ ប្រវែង២៧០ម៉ែត្រ ដើម្បីលើកជាគម្រោងស្ថាបនាជាផ្លូវបេតុង សម្រាប់បំរើ ផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក បឹុល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានបំផុសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អភិវឌ្ឍន៍ចិញ្ចើមផ្លូវសាធារណៈ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋទូទៅ។

លោក បឹុល កុសល ក៏បានចុះពិនិត្យ និងជំរុញឲ្យបងប្អូនអាជីវកររស់នៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ (១០១៩) ស្ថិតក្នុង សង្កាត់ ភ្នំពេញថ្មី ដើម្បីឲ្យពួកគាត់អភិវឌ្ឍន៍ចិញ្ចើមផ្លូវ ទុកសម្រាប់បំរើផលប្រយោជន៍ ជាសាធារណៈផងដែរ និងគោលបំណងលើកតម្កើង សោភ័ណភាពទីក្រុង។

លោក បឹុល កុសល បានថ្លែងថា សម្រាប់សកម្មភាពទាំងនេះ បងប្អូនអាជីវករក៏បានចូលរួមសហការល្អ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ក្នុងការអភិវឌ្ឍន៍ជាចិញ្ចើម ផ្លូវសាធារណៈនេះផងដែរ។

ពួកគាត់យល់ឃើញថា ការអភិវឌ្ឍន៍ជា ចិញ្ចើមផ្លូវសាធារណៈបែបនេះ គឺធ្វើឲ្យមុខផ្ទះរបស់ពួកគាត់ មានសណ្តាប់ធ្នាប់ របៀបរាបរយល្អ មិនមានការចតយានយន្ត នៅលើផ្លូវសាធារណៈ នាំឲ្យប៉ះពាល់ដល់អ្នកដំណើរបន្តទៀត។

អភិបាលខណ្ឌសែនសុខ ក៏បានបញ្ជាក់ឲ្យដឹងថា ជំហ៊ានដំបូងអាជ្ញាធរខណ្ឌបានបំផុសដល់បងប្អូនអាជីវករលក់ដូរ តាមបណ្តោយផ្លូវ សំខាន់ៗ រួមមាន ផ្លូវភ្នំពេញហាណូយ ផ្លូវសហព័ន្ធរ៉ុស្ស៊ី ផ្លូវ៥៩៨ ផ្លូវលេខ១៩៨៦ ផ្លូវឧុកញ៉ា ម៉ុង រិទ្ធី និងផ្លូវសម្តេច ជា សីុម ជាដើម ដើម្បីឲ្យពួកគាត់សហការឲ្យបានល្អ ក្នុងការអភិវឌ្ឍន៍ចិញ្ចើមផ្លូវ ដើម្បីបំរើផលប្រយោជន៍ រួមជូនប្រជាពលរដ្ឋទូទៅ ។

ដោយឡែកក្រៅពីនេះ អាជ្ញាធរខណ្ឌ នឹងបន្តសកម្មភាព តាមបណ្តោយផ្លូវផ្សេងៗនៅទូទាំងខណ្ឌសែនសុខ ទាំងមូលថែមទៀតផង៕