(សិង្ហបុរី)៖ សារព័ត៌មានស៊ិនហួចេញផ្សាយនាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ករណីថ្មីចំនួន១៦ នៃការចម្លងវីរ៉ុស Zika នៅក្នុងតំបន់ ត្រូវបានបញ្ជាក់ថា កើតមាននៅថ្ងៃចន្ទនេះបានបណ្តាលឲ្យចំនួនករណីសរុប ដែលត្រូវបានបញ្ជាក់នៅសិង្ហបុរី កើនឡើងដល់២៥៨នាក់។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល (MOH) និងភ្នាក់ងារបរិស្ថានជាតិ (NEA) បានឲ្យដឹងយ៉ាងដូច្នេះ។

ភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានបន្ថែមថា ក្រុមការងារកំពុងបន្ត និងពង្រឹងប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារចម្លង និងកិច្ចខិតខំប្រឹងប្រែង ថែទាំអ្នកជំងឺនៅតាមមូលដ្ឋាន។ ​ភ្នាក់ងារបន្ថែមថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា មាន៦៣ជម្រកពូជសត្វមូស ក្នុងនោះ៣៧ជម្រកនៅក្នុងផ្ទះ និង២៦ជម្រកទៀត នៅតំបន់បរិវេណផ្សេងទៀត ត្រូវបានរកឃើញ និងបំផ្លាញចោល។

នៅព្រឹកថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសថា ខ្លួននឹងពង្រីកការបន្ថែម នូវការធ្វើតេស្តរកវីរ៉ុស Zika ចំពោះគ្រប់ជនជាតិសិង្ហបុរីទាំងអស់ ជាមួយនឹងរោគសញ្ញានៃការចម្លងមេរោគនេះ ដោយមិនត្រឹមតែធ្វើតេស្តលើប្រជាជន ដែលរស់នៅ, ធ្វើការ ឬសិក្សា នៅតំបន់ដែលរងការប៉ះពាល់ប៉ុណ្ណោះទេ៕