(ម៉ានីល)៖ មេដឹកនាំថ្មីរបស់ហ្វីលីពីន ដែលមិនខ្លាចនឹងបញ្ចេញកំហឹង និង ពាក្យរិះគន់មិនខ្លាចគេអន់ចិត្តគ្រប់ទិសទីនោះ ពេលនេះបានបង្ករឿងធំមួយទៀតហើយ គឺការ ជេរលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកជាភាសាហ្វីលីពីន ប៉ុន្តែបើបកជាអង់គ្លេស គឺ មានន័យថា «son of a bitch» ដែលជាពាក្យជេរ ដ៏អសុរសមួយ ដែលជនជាតិបរទេសចូលចិត្តប្រើពេលខឹងសម្បារ ឬ ប្រទុសរាយនឹងរឿងអ្វីមួយ (សូមអភ័យទោស វាអាចបកជា ភាសាខ្មែរថា៖ កូនអាឆ្កែ)។

យោងតាមសារព័ត៌មាន Independent របស់អង់គ្លេស ចេញផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នេះថា ការខឹងសម្បាររបស់លោក Duterte គឺដោយសារតែលោក អូបាម៉ា បានសាកសួរពីការសម្លាប់រង្គាលមនុស្សក្រៅប្រព័ន្ធតុលាការ របស់ហ្វីលីពីន ជាង ២,៤០០នាក់ ចាប់តាំងពីលោកឡើងកាន់អំណាច ហើយដោយសូម្បីតែអង្គការសហប្រជាជាតិ ក៏ត្រូវបុរសខ្លាំងហ្វីលីពីនរូបនេះ ធ្វើការរិះគន់ និងជេរប្រទេចរហូតដល់លែងមានមន្ត្រីសិទ្ធិមនុស្ស ឬសូម្បីលោក បាន គីមូន ចេញមុខមករិះគន់ និងថ្កោលទោសលោកទៀត។

គួរបញ្ជាក់ថា មុនចាកចេញពីប្រទេសហ្វីលីពីន ទៅចូលរួមកិច្ចប្រជុំអាស៊ាននៅឡាវ លោក Duterte ធ្លាប់បានបញ្ជាក់ច្បាស់ៗថា លោកជាមេដឹកនាំនៃប្រទេស ដែលមានអធិបតេយ្យភាព ហើយលោកសូមធ្វើការបកស្រាយចំពោះតែប្រជាជនហ្វីលីពីនមួយទៅបានហើយ។ លោកថា អូបាម៉ា គួរតែធ្វើខ្លួនជាអ្នកដ៏គួរឲ្យគេគោរព ហើយត្រូវចៀសវាងលើកឡើងពីសំនួរនានា មកកាន់លោក អំពីការសម្លាប់រង្គាលនោះឲ្យសោះ៕