(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន នឹងបញ្ឈប់លែងឲ្យមានការលក់សប់ខ្យល់ប៉េងប៉ោង ស្ថិតនៅតាមផ្លូវសុរាម្រិត កែងវិមានឯករាជ្យ ព្រមទាំងធ្វើការរៀបចំសណ្តាប់ធ្នាប់ ឲ្យកាន់តែល្អប្រសើរតាមផ្លូវទាំងនេះ សម្រាប់ការទាក់ទាញពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ។

ការលក់ប៉េងប៉ោងនៅតាមផ្លូវនេះ ជារឿយៗ បានរំខានដល់ក្រុមភ្ញៀវទេសយ៉ាងខ្លាំង ដោយសារតែសំឡេងផ្ទុះឡើង ប៉ុន្តែអ្នកលក់ដូរមួយនេះ មិនបានស្តាប់អាជ្ញាធរនោះទេ បើទោះបីមានការឃាត់យកមកអប់រំ និងធ្វើកិច្ចសន្យាជាច្រើនលើកក៏ដោយនោះ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះទៅចាប់ម៉ូតូសប់ប៉េងប៉ោង ចំនួន១គ្រឿង ដែលមានម្ចាស់ឈ្មោះ កែវ សីុនវី អាយុ៥២ ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកម៉ូតូសប់ខ្យល់លក់ប៉េងប៉ោងនេះ ត្រូវបានអាជ្ញាធរចាប់យកមកអប់រំណែនាំ ចំនួន៣លើកមកហេីយ នៅតែមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរដដែល ហេីយការចាប់លេីកនេះជាលេីកទី៤។

លោក​ គួច​ ចំរើន​ អភិបាលខណ្ឌ​ដូនពេញ ​បានសំណូមពរ ទៅពួកគាត់ទាំងអស់គ្នា​ ប្ដូរទីកន្លែងថ្មីដែលនៅជិតទីនោះ​ ប៉ុន្តែ​ពួកគាត់ប៉ុន្មាននាក់នេះមិនព្រមចេញពីកន្លែងនេះ ទើបកម្លាំងសណ្ដាប់ធ្នាប់ចាប់គាត់យកអប់រំធ្វើកិច្ចសន្យាគាត់ហើយក៏បានប្រគល់សម្ភារ ឲ្យពួកគាត់ត្រឡប់ទៅផ្ទះនាពេលបន្ទាប់។

ដើម្បីកាន់តែមានប្រសិទ្ធភាព ចំពោះការងារសណ្តាប់ធ្នាប់មួយនេះ លោក គួច ចំរើន នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកនឹងទៅចុះអប់រំដោយផ្ទាល់ ដល់អ្នកលក់ប៉េងប៉ោងទាំងនេះ នៅម្តុំដើមពោធិ៍ មុខវត្តបទុមវត្តី៕