(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា នឹងប្តូរជូន Galaxy Note7 ថ្មី ជំនួសទូរស័ព្ទ Galaxy Note7 ដែលទើបចេញលក់ថ្មីៗនេះដោយស្ម័គ្រចិត្ត ក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងទទួលខុសត្រូវទាំងស្រុងនូវរាល់ឧបទ្ទវហេតុ ដែលបានផ្តល់ព័ត៌មាន​ ដោយអតិថិជនរបស់យើង។ ដើម្បីឆ្លើយតបទៅនឹង ករណីដែលបានកើតឡើងចំពោះ Galaxy Note 7 ថ្មីនេះ យើងបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថា វាជាបញ្ហារបស់ថ្ម (Battery Cell)។

រហូតមកដល់ពេលនេះ (ថ្ងៃទី០១ ខែកញ្ញា) មិនទាន់មានរបាយការណ៍អំពីបញ្ហាថ្ម (Battery Cell) កើតឡើងចំពោះទូរស័ព្ទ Galaxy Note 7 ដែលបានចែកចាយនៅកម្ពុជាឡើយ។ ប៉ុន្តែដោយសារសុវត្ថិភាពអតិថិជន គឺជាកត្តាចម្បងសម្រាប់សាមសុង ដូច្នេះសាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា បានសម្រេចផ្អាកការលក់ទូរស័ព្ទ ម៉ូដែល Samsung Galaxy Note 7 ថ្មីជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកញ្ញា នៅទូទាំងពិភពលោក ទូរស័ព្ទ Galaxy Note 7 ដែលរាយការណ៍ថា មានបញ្ហាថ្ម (Battery Cell) សរុបទាំងអស់ចំនួន៣៥គ្រឿង។

ចំពោះអតិថិជនទាំងឡាយណា ដែលបានជាវ Galaxy Note 7 យកទៅប្រើប្រាស់ហើយនោះ ក្រុមហ៊ុនស្ម័គ្រចិត្ត ប្តូរជូននូវទូរស័ព្ទម៉ូដែលដូចគ្នា ថ្មីមួយនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត។

យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាឲ្យបានថា សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យបានថា រាល់ការផ្លាស់ប្តូរ ទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មយើងខ្ញុំ តាមរយៈលេខ០២៣ ៩៩៣ ២៣២ ចាប់ពីថ្ងៃចន្ទ ទី៥ កញ្ញា ឆ្នាំ២០១៦ នេះតទៅ៕