(ភ្នំពេញ)៖ វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារជាច្រើនប្រភេទជូន ប្រជាពលរដ្ឋប្រមាណ១១,០០០នាក់ ទៅ១២,០០០នាក់ ឲ្យមានការងារធ្វើក្នុងមួយថ្ងៃៗ ខណៈដែលតម្លៃពលកម្មត្រូវរកឃើញថាមានការកើនឡើងច្រើន។ នេះបើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រចាំខែសីហា ឆ្នាំ២០១៦ និងទិសដៅការងារបន្ដ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។

អគ្គនាយកដ្ឋានសំណង់ បានបន្ថែមថា តាមរយៈការសិក្សាស្រាវជ្រាវក្នុងខែសីហា ឆ្នាំ២០១៦នេះ រកឃើញថា តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃទទួលបាន ៣៥,០០០រៀល ដល់៤០,០០០រៀល សម្រាប់កម្មករជំនាញ និងមេជាងក្នុង១ថ្ងៃ ទទួលបាន៥០,០០០រៀល ដល់៧៥,០០០រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែទទួលបានប្រាក់បៀវត្សពី ៤០០ដុល្លារ ទៅ២,០០០ដុល្លារ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានសំណង់ បានឲ្យដឹងផងដែរថា សំណង់នៅទូទាំងប្រទេស មានសរុប២៥៣គម្រោង មានផ្ទៃក្រឡា២៨៤,៦០១ម៉ែត្រការេ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១០៩,៥៨៦,៣៥៧ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ មានចំនួន២១១គម្រោង មានផ្ទៃក្រឡាសាងសង់សរុប១,០៩១,៤៨៨ម៉ែត្រការេ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥៣១,៣៨១,០០១ដុល្លារ គឺមានការថយចុះ៧៩,៣៧ភាគរយ៕