(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ចូន បានរំលឹកម្តងទៀតអំពីការព្រមានរបស់ខ្លួន ដោយនឹងចាត់វិធានការតាមច្បាប់ ក្នុងការទប់ស្ដាត់យានយន្ដកែច្នៃខុស បច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦តទៅ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់ សុវត្តិភាពចរាចរណ៍ និងទប់ស្ដាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន។

សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹងជញ្ចូន បានឲ្យដឹងថា តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្មារតី កិច្ចប្រជុំពិភាក្សាលើវិធានការ ទប់ស្កាត់យានយន្តកែច្នែខុសបច្ចេកទេស និងដឹកជញ្ជូនលលើទម្រង់កម្រិតកំណត់កាលពីថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០១៦ ក្នុងគោលដៅរក្សា សណ្តាបធ្នាប់សុវត្ថិភាពចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រាប់ដល់ម្ចាស់យានយន្ដកែច្នៃ ខុសលក្ខណៈបច្ចេកទេសទាំងអស់ឲ្យដឹងថា ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់​ ចំពោះយានយន្ដទាំងឡាយ ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស។

ក្រសួងក៏តម្រូវឱ្យ ម្ចាស់យានយន្ដកែច្នៃខុសបច្ចេកទេស យកយានយន្ដរបស់ខ្លួនទៅកែតម្រូវលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋាលក្ខណៈបច្ចេកទេសអំពីទំហំរថយន្ដ ប្រវែងទទឺងអតិបរមា មិនត្រូវឲ្យលើសពី២,៥០ម៉ែត្រ លើកលែងតែយានយន្ដុបករណ៍ ដែលមិនត្រូវឲ្យលើសពី៣ម៉ែត្រ។ ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី៤,២០ម៉ែត្រ។ ប្រវែងបណ្ដោយអតិបរមា នៃរថយន្ដនីមួយៗមិនត្រូវឲ្យលើស១២,២០ម៉ែត្រ។ ប្រវែងបណ្ដោយអតិបរមានៃរថយន្ដនីមួយៗដែលមានសណ្ដោងស៊ីមីរ៉ីម៉ក មិនត្រូវឲ្យលើសពី១៦ម៉ែត្រ។ ប្រវែងបណ្ដោយអតិបរមានៃរថយន្ដនីមួយៗដែលមានសណ្ដោងរ៉ីម៉ក មិនត្រូវឲ្យលើសពី១៨ម៉ែត្រ។ កម្ពស់អតិបរមានៃទ្រូងធម្មតា មិនត្រូវឲ្យលើសពី០,៥០ម៉ែត្រ កិតពីដំបូល យាន និងទទឹង ត្រុងអតិបរមាមិនត្រូវឲ្យលើសពីទទឹងកាប៊ីន។ កម្ពស់អតិបរមានៃទ្រុងជាប្រអប់បិទជិត មិនត្រូវឲ្យលើស០,៨០ម៉ែត្រ គិតពីដំបូលយាននិងទទឹងទ្រុងអតិបរមា មិនត្រូវលើសពីទទឹងការប៊ីន៕