(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានលើកឡើងថា ថ្នាំជក់បានសម្លាប់មនុស្សអស់ពាក់កណ្តាលនៃអ្នកប្រើប្រាស់ជាប្រចាំ រីឯអ្នកមិនជក់បារីចំនួន៦សែននាក់ បានស្លាប់ក្នុងមួយឆ្នាំ ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការស្តីពី បរិស្ថានគ្មានផ្សែងបារី ​ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងដើម្បី​​បង្កើនការយល់ដឹងអំពីផលប៉ះពាល់ នៃការស្រូបផ្សែងបារី និងជំរុញការអនុវត្ត អនុក្រឹត្យស្ដីពី​វិធានការហាមជក់ ឬ​បង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងដើម្បីជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដូចជាការដាក់សារព្រមានសុខភាពជារូបភាព ការហាមឃាត់ទាំងស្រុងការផ្សាយពាណិជ្ជកម្ម​ផលិតផលថ្នាំជក់ ឲ្យបានទូលំទូលាយនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងអ្នកជក់ និងអ្នកមិនជក់ដែលបានស្រូបផ្សែងបារីដោយអចេតនា ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថានថែមទៀត។

លោកថា «តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់ បណ្តាលឱ្យស្លាប់មនុស្សលើពិភពលោកប្រមាណ ៦លាននាក់ ជារៀងរាល់ឆ្នាំ ថ្នាំជក់បណ្តាលឱ្យពាក់កណ្តាលនៃអ្នកប្រើប្រាស់ជាប្រចាំបានស្លាប់ រីឯអ្នកមិនជក់បារីចំនួន៦សែននាក់ បានស្លាប់ក្នុងមួយឆ្នាំ ដោយគ្រាន់តែស្រូបផ្សែងបារីពីគេ»

រាជរដ្ឋាភិបាលកម្ពុជា បានចុះអប់រំដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការជក់បារី សំដៅកាត់បន្ថយអត្រាឈឺ អត្រាមរណៈ និងការចំណាយថវិកាទៅលើការព្យាបាល និងការថែទាំជំងឺ ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់នេះ។

លោករដ្ឋមន្រ្តីបានអំពាវនាវដល់អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជម្រុញការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ កាត់បន្ថយអត្រាស្លាប់ ជាក់ស្ដែងក្នុងថ្ងៃនេះ ក្រសួងបានចុះធ្វើយុទ្ធនាការ «បរិស្ថានគ្មានផ្សែងបារី» នៅក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ទេសចរណ៍ ដើម្បីឱ្យទីក្រុងនេះក្លាយជាទីក្រុងបរិស្ថានគ្មានផ្សែងបារី សម្រាប់ទេសចរ និងប្រជាពលរដ្ឋ និងជាគំរូដ៏ល្អមួយដល់ទេសចរដែលមកទស្សនាកម្ពុជា៕