(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា គ្រោងលើកឡើងនូវចំណុចចំនួន២ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

លោកបានអះអាងថា បញ្ហា២ចំណុច ដែលលោកឧបនាយករដ្ឋមន្រ្តី គ្រោងលើកឡើងបង្ហាញដល់បណ្តាប្រទេសដៃទៅ នៅអង់គ្លេសនោះ រួមមានទី១ គឺចក្ខុវិស័យរបស់កម្ពុជាក្នុងការថែរក្សានិរន្តរភាពកម្លាំងមួកខៀវរបស់កម្ពុជានៅអង្គការសហប្រជាជាតិ និងទី២ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានប្តេជ្ញាចិត្តនឹងចូលរួមវិភាគទានថែមទៀត ជាមួយបណ្តាប្រទេសនៅលើសកលលោក ដើម្បីប្រឹងប្រែងរកសន្តិភាពឱ្យសាកលលោក។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានដឹកនាំគណៈប្រតិភូ ចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីទៅចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

កិច្ចប្រជុំនេះ រៀបចំដោយក្រសួងការពារជាតិអង់គ្លេស សហការជាមួយ អ.ស.ប ដោយមានប្រទេសចំនួន ៨០ចូលរួម ក្នុងនោះ ប្រទេសអាស៊ាន០៦ប្រទេសផងដែរ ដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងរៀតណាម។

គិតរហូតដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ដែលកម្ពុជាបានចុះអនុស្សារណយោគយល់គ្នាជាមួយអង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខតាមរយៈអង្គការនេះ ទៅជួយដល់ប្រទេសមួយចំនួនលើសកលលោក។ តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៦ ការបញ្ជូនកម្លាំងចំនួន ៣៥៥៧នាក់ តាមរយៈអង្គការសហប្រជាជាតិនេះ ដើម្បីបំពេញការងារនៅលើសកលលោក ហើយខណៈពេលនេះ កងកម្លាំងរបស់កម្ពុជា ៧១៧នាក់ (ស្រី៥៧នាក់) ដែលក្នុងនោះមាន កម្លាំងវិស្វកម្ម (ដោះមីន) ពេទ្យ និងអាវុធហត្ថ កំពុងបំពេញបេសកកម្មសង្រ្គោះនៅប្រទេស៤ រួមមាននៅប្រទេសម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ជាដើម។

លោក ឈុំ សុជាតិ បាននិយាយថា បេសកកម្មរបស់កងកម្លាំងរក្សាសន្តិសុខរបស់កម្ពុជា កំពុងទទួលបានកេរ្តិ៍ឈ្មោះល្បី នៅលើពិភពលោក៕