(កណ្តាល)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមការងារមួយចំនួនទៀត បានចុះទៅជួបប្រជាពលរដ្ឋ ៥៩គ្រួសារ ដែលកំពុងតែជួបបញ្ហា បាក់ស្រុតដី ដោយសារការបូមខ្សាច់ ស្ថិតនៅ ភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។  នៅក្នុងជំនួបនោះ លោក ឌិត ទីណា បានពន្យល់ប្រាប់ប្រជាពលរដ្ឋ ពីការបូមខ្សាច់ របស់ក្រុមហ៊ុនហើយ ក៏បានស្តាប់ ពីកង្វល់របស់ប្រជាពលរដ្ខវិញផងដែរ។

ជាការឆ្លើយតប  លោក ចៀន ឆាយ អាយុ ៦៧ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋទាំង ៥៩គ្រួសារ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់បានប្រាប់ពី ទុក្ខកង្វល់រួចមក និងក្រោយពី មានការបកស្រាយពី លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរួចមក គឺពួកគាត់ហាក់ទទួលបាន នៅការបកស្រាយនោះ ហើយក៏មានភាពកក់ក្តៅជាងមុន។  លោក ចៀន ឆាយ បានស្នើដល់ក្រសួងរ៉ែ និងថាមពល ឲ្យចូលរួមត្រួតពិនិត្យ និង ជួបពិភាក្សាជាមួយប្រជាបលរដ្ឋឲ្យបានញឹកញាប់ ដើម្បីអាចដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការដោះស្រាយឲ្យបានទាន់ពេលវេលា។

លោក ឌិត ទីណា បានបញ្ជាក់ប្រាប់ពីការងារ បច្ចេកទេសមួយចំនួនថា «អ្នកបូមគឺត្រូវបូមឲ្យត្រូវតាមបច្ចេកទេស អត់អាចឈៀងចូលដល់ទឹកជ្រៅនោះទេ ចឹងយើងបានវាស់ជំរៅទឹកកន្លែង បូម រហូតមកដល់ច្រាំង។ នៅទីតាំងបូមសព្វថ្ងៃនេះ ជំរៅទឹក ១៤ម៉ែត្រ តែកន្លែងដែលខ្សែទឹកហូរខ្លាំង គឺក្បែរច្រាំងខ្ទង់ប្រហែលជា ១០ ទៅ ២០ម៉ែត្រពីច្រាំង គឺជំរៅទឹកឡើងរហូត ដល់ជិត ៣០ម៉ែត្រ តែកន្លែងហ្នឹងអត់មានការបូមទេ។ ចឹង ថ្ងៃហ្នឹងខ្ញុំ មកជួបប្រជាពលរដ្ឋ បងប្អូនទាំងអស់ មកសួរគាត់ពីអ្វីដែលយើងកំពុងធ្វើ ដើម្បីឲ្យគាត់យល់ថា យើងចង់បង្កើតខ្សែទឹក នៅខាងនោះ មិនមែនបូមនៅកន្លែងហ្នឹងបន្ថែមទៀតទេ ក្រៅពីហ្នឹងរឿងក៏បាន ស្តាប់ កង្វល់ របស់ពួកគាត់មួយចំនួន ដែលទាក់ទងនឹងការអនុវត្តរបស់ក្រុមហ៊ុនដែរ»

 លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបន្តទៀតថា «ចឹងយើងបានផ្តល់នូវលេខ Hotlineមួយ ជូនគាត់ ០៩៥ ៧២៧ ៧២៧។ ជាទូទៅលេខនេះ សម្រាប់បញ្ហា ដែលទាក់ទងនឹងវិស័យរ៉ែ និង សម្រាប់ប្រជាពលរដ្ឋ ដែលមានបញ្ហា ឫកង្វល់អាចទាក់ទងមកផ្ទាល់ជាមួយក្រសួង បំរើការរៀងរាល់ថ្ងៃ ហើយក៏គ្មានយប់ឫថ្ងៃនោះទេ ឲ្យតែមានបញ្ហាប្រជាពលរដ្ឋ អាចទាក់ទងបាន។ ប្រជាពលរដ្ឋការទាក់ទង ទៅក្រសួងបាន បើជួបករណី កង្វល់របស់ប្រជាពលរដ្ឋ (ទិសដៅ បូមនៅណា ងជំរៅទឹក) ករណីការបូមហួសម៉ោង (ម៉ោងអនុវត្តពីម៉ោង ៦ព្រឹក ដល់ម៉ោង៦ល្ងាច) ករណីទីតាំងបោះខុសការកំណត់ របស់ក្រសួង ជាដើម»។

ក្រសួងរ៉ែ និងថាមពល នឹងកោះប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅតំបន់នេះ  ដើម្បីស្នើឲ្យក្រុមហ៊ុន បើកទីស្នាក់ការមួយ នៅជិតប្រជាពលរដ្ឋ ដើម្បីបង្កើនភាពងាយស្រួលដល់ ពួកគាត់ អាច អញ្ជើញមកសួរនាំបានទាន់ពេលវេលា។

យ៉ាងណាក៏ដោយ លោក ឌិតទីណា បានបន្ថែមថា បើក្រុមហ៊ុន នៅតែធ្វើខុសពីគោលការណ៍កំណត់ របស់ក្រសួង គឺក្រសួងនឹងចាត់វិធានការ រដ្ឋបាលមួយចំនួន មានចាប់ពីការព្យួរ រហូតដល់ ការដកអាជ្ញាប័ណ្ណ៕