(វៀងចន្ទ)៖ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានបើកជាផ្លូវហើយ នៅថ្ងៃអង្គារនេះ នូវកិច្ចប្រជុំកំពូលលើកទី ២៨ និង ទី២៩ ក្នុងរដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវ ក្រោមប្រធានបទ «ការឆ្ពោះទៅរកចក្ខុវិស័យ ជាក់ស្ដែង ដើម្បីភាពខ្លាំង របស់សហគមន៍អាស៊ាន»។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មានចិន សិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែ កញ្ញា ឆ្នាំ២០១៦នេះ។

កិច្ចប្រជុំកំពូល បានចាប់ផ្ដើមឡើង នៅឯមជ្ឈមណ្ឌល សន្និបាតជាតិ ក្នុងទីក្រុងវៀងច័ន្ទ ខណៈកិច្ចប្រជុំពីរ ធំៗនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃ អង្គារ និង ថ្ងៃ ពុធស្អែកនេះ។ នៅក្នុងថ្ងៃអង្គារ៍នេះទៀតដែរ បណ្ដាមេដឹកនំាអាស៊ាននឹងពិភាក្សាគ្នា ស្ដីពីការដាក់ឱ្យដំណើរការ គំរោងផ្សារភ្ជាប់អាស៊ាននៅឆ្នំា ២០២៥ និងការផ្ដួចផ្ដើមគំនិតសម្រាប់សមាហរណកម្មអាស៊ាន ផែនការការងារទី៣ ព្រមទំាងកិច្ចពិភាក្សា ជាមួយនឹងក្រុមប្រិក្សាយោបល់ពាណិជ្ជកម្មអាស៊ាន ។

គួររំលឹកថា កិច្ចការពង្រឹងទំនាក់ទំនងអាស៊ាន នឹងក្លាយជារបៀបវារៈដ៏សំខាន់ សម្រាប់កិច្ចប្រជុំដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ រួមមានកិច្ចប្រជុំអាស៊ាន បូក១ និង អាស៊ានបូក៣ ដែលកិច្ចប្រជុំទំាងនេះ នឹងផ្ដោតលើ កិច្ចសហប្រតិបត្តិការភាពជាដៃគូរ នៃបណ្ដាប្រទេសទំាង១០ ជាសមាជិកសមាគមអាស៊ាន ជាមួយមហាអំណាចក្នុងតំបន់ និងនៅលើសកលលោក ក្នុងនោះរួមមានអាមេរិក និង ចិនជាដើម៕