(ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ បានបើកជាផ្លូវការហើយ នៅរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ ប្រទេស។ នេះបើយោងតាម Facebook Page ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្សព្វផ្សាយឲ្យដឹងមុននេះបន្តិច។

យោងតាម Facebook Page សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា «កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ គឺបានបើកជាផ្លូវការហើយកិច្ចប្រជុំកំពូល អាស៊ានលើកទី ២៨-២៩ បានប្រារព្វ បើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល អាស៊ានទាំង១០ ប្រទេស បានយាងនិងអញ្ជើញចូលរួម នៅសាលសន្និសីទ នៃទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (National Convention Center)។ នៅក្នុងពិធីបើកកិច្ចប្រជុំ គឺមានពិធីគោរពភ្លេងជាតិអាស៊ាន និងការសម្តែងសិល្បៈ របស់ប្រទេសឡាវ ដែលភ្ជាប់ជាមួយសុន្ទរកថា លោក ថងលួង ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និង លោក ប៊ុនញ៉ាំង វរ៉ាជីត ប្រធានាធិបតីឡាវ ដែលបានគូសបញ្ជាក់គោលដៅសំខាន់បំផុតមួយ របស់អាស៊ានចាប់តាំងពី បដិសន្ធិនៅឆ្នាំ ១៩៦៧ គឺខិតខំរក្សានិងលើកកម្ពស់សន្តិភាព ស្ថេរភាពនិងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិ វឌ្ឍក្នុងតំបន់និងសម្រាប់ពិភពលោកទាំងមូល។អាស៊ានបានក្លាយជាតំបន់សន្តិភាព និងស្ថេរភាព ដែលផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច»

សម្តេចតេជោ បានបន្ថែមថា «អាស៊ានបានក្លាយជា សេដ្ឋកិច្ចធំបំផុតទី៦ លើពិភពលោកនៅឆ្នាំ២០១៥ ។ ក្នុងរយៈពេល៥០ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្ម ដែលមានផលទុនសរុប ២,៧៣ ទ្រីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥ ជាប់ចំណាត់ថ្នាក់ធំទី៦ របស់ពិភពលោក»

 Facebook Page សម្តេចតេជោ បានបន្ថែមទៀតថា សេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករណ៍ ក្នុងកំណើនប្រចាំឆ្នាំ ៧% ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចអាស៊ានកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្នុងពេលអនាគត។ យើងបានរក្សាបាននូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺយើងបានខិតខំ សម្រេចឲ្យបាននូវអត្តសញ្ញាណតែមួយ ចក្ខុវិស័យតែមួយ ពោលគឺយើងមិនគ្រាន់តែស្ថិត ក្នុងកាលានុវត្តភាពសម្រាប់ប្រជាជន ជាង៦២០ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បណ្តាប្រទេស ក្រៅតំបន់ផងដែរ។

បន្ទាប់ពីបានចុចប៉ូតុងប្រារព្ធ ពិធីប្រជុំកំពូលហើយ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានអញ្ជើញទៅកាន់បន្ទប់ប្រជុំពិសេស មួយផ្សេងទៀត៕