(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា បានដាក់ពាក្យប្តឹងសារទុក្ខ ទៅកាន់សាលាឧទ្ធរណ៍ម្តងទៀត ចំពោះការសម្រេចរបស់ សភាស៊ើបសួររបស់ តុលាការឧទ្ធរណ៍ កាលពីម្សិលមិញ។ នេះបើតាមការអះអាងរបស់ លោក កឹម សុខា នៅលើបណ្តាញសង្គម Facebook នៅប៉ុន្មាននាទីមុននេះ។

សភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ម្សិលមិញនេះ បានបើកសវនាការលើបណ្តឹងជំទាស់ ដំណើរការស៊ើបសួររបស់ សាលាដំបូងរាជធានីភ្នំពេញ របស់ក្រុមមេធាវីការពារក្តីលោកកឹម សុខា ហើយបានសម្រេច ច្រានចោលបណ្តឹងនេះ ដោយមិនឯកភាពតាមសំណើ របស់ក្រុមមេធាវីដែលស្នើឲ្យបង្អង់ នីតិវិធីសំណុំរឿង លោកកឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នោះទេ។

បើតាមការប្រកាស របស់តុលាការក្រុងភ្នំពេញ ការជំនុំជម្រះចំពោះសំណុំរឿង «មិនចូលខ្លួន» របស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពី បទល្មើសជាក់ស្តែង ក្នុងការមិនចូលខ្លួនឆ្លើយបំភ្លឺ ចំពោះសំណុំរឿងសញ្ចារកម្ម បន្ទាប់ពីលោកអវត្តមានលើកទី២ ក្នុងការចូលឆ្លើយបំភ្លឺ តាមការកោះហៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក៕