(កណ្ដាល)៖​ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយនឹងកម្លាំង ជំនាញអាវុធហត្ថ​ខេត្តកណ្តាល អាវុធហត្ថខេត្តកំពង់ស្ពឺ និងអាវុធហត្ថខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវអំពើឃាតកម្មមួយកើតឡើង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ នៅជិតថ្នល់ទទឹង ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

កម្លាំងជំនាញអាវុធហត្ថបានធ្វើការស្រាវជ្រាវដោយអត់ហ្មត់និងយកទុកដាក់រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ឆ្អឹងពស់ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ទើបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ សុខចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅផ្ទះទល់មុខឈាងនឹងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកឯជនរងគ្រោះមានឈ្មោះ វឿន វណ្ណៈ ហៅ វណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅភូមិ ត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីជំនាញអាវុធហត្ថបានប្រាប់ថា នៅពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះពេលកំពុងផឹកស៊ីជាមួយគ្នានិយាយមិន ស្តាប់ហើយជាច្រើនឆ្នាំកន្លងមក​នេះ ជនរងគ្រោះធ្លាប់បានលូចមាន់ទា របស់ជនសង្ស័យជាច្រើនលើកមកហើយ ទើបគេបញ្ចេញកំហឹង ក្នុងពេលនេះតែម្តង។

ដំណើររឿងហេតុ៖ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ (ម៉ាន់ សុខចាន់) បានបបួលជនរងគ្រោះទៅលេងផ្ទះឪពុកធម៌ របស់ខ្លួន​ដែលមានឈ្មោះ ស ខាន់ ហៅ តាញ៉ាញ់ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនសង្ស័យ (ម៉ាន់ សុខចាន់) បានយកទាពីផ្ទះមួយក្បាលនិងបានជំពាក់ស្រាបៀគេមួយកេះយកទៅជាមួយផង។ ពេលទៅដល់ភ្លាមនាំគ្នាធ្វើម្ហូបក្លែម ហើយអង្គុយផឹក​មាន​គ្នាចំនួន៥នាក់។

នៅពេលផឹកជិតអស់ស្រាបៀរ ជនរងគ្រោះបានទទូចឱ្យជនសង្ស័យ (ម៉ាន់ សុខចាន់) ជូនត្រឡប់មកផ្ទះវិញ ម្តងហើយម្តង​ទៀត ព្រោះដោយសារយប់ជ្រៅ ក៏ធ្វើឱ្យមានការប្រើពាក្យសម្តីមិនសមរម្យដាក់គ្នា។ ទោះជាម្ចាស់ផ្ទះនិងជនសង្ស័យឃាត់ឱ្យនៅដេក យ៉ាងណា​ក៏ជនរងគ្រោះ នៅតែមានៈចង់ទៅផ្ទះដដែល រួចក៏បានដើរចេញពីផ្ទះនោះតែម្នាក់ឯង សំដៅទៅផ្លូវជាតិបំណងទៅផ្ទះវិញ។

ក្រោយពីជនរងគ្រោះ​បានដើរចេញទៅបានមួយសន្ទុះ ជនសង្ស័យបានជិះម៉ូតូតាមក្រោយ ហើយយកដំបងឫស្សីមួយកំណាត់សៀត នឹងម៉ូតូក្នុងបំណង ទុកវាយជនរងគ្រោះឱ្យរាងចាល ព្រោះនិយាយមិនស្តាប់គ្នា ហើយជាច្រើនឆ្នាំកន្លងមកនេះ ជនរងគ្រោះធ្លាប់បាន លូចមាន់ទារបស់ ជនសង្ស័យជាច្រើនលើកមកហើយ ទើបគេបញ្ចេញកំហឹងក្នុងពេលនេះតែម្តង។ ពេលជួបរងគ្រោះជនសង្ស័យក៏បាន ហៅជិះម៉ូតូជាមួយ លុះដល់កន្លែងកើត អ្នកទាំងពីរនាក់ ក៏ចុះបទជើងតូច ឆ្លៀតឱកាសល្អ ជនសង្ស័យ ក៏យកដំបងឫស្សីវាយជនរងគ្រោះ ពីក្រោយតែម្តង រហូតដល់ឃើញជនរងគ្រោះសន្លប់បាត់ស្មារតី ទើបបោះដំបងចោលហើយ ជនសង្ស័យក៏ជិះម៉ូតូមកផ្ទះឪពុកធម៌វិញ។

ក្រោយពីដឹងថាប្រជាពលរដ្ឋបានយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ជនសង្ស័យបានឌុបឪពុកធម៌របស់គេទៅមើលពេលដឹងថា ជនរងគ្រោះស្លាប់គេក៏ហៅឪពុកធម៌មកផ្ទះវិញ រួចបន្តសម្ងំនៅទីនោះរហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ទើបជិះម៉ូតូទៅផ្ទះឈ្មោះ កាន់ ភា ភេទស្រី ត្រូវជាប្អូនថ្លៃ ភូមិឆ្អឹងពស់ ឃុំពងទឹកស្រុករំដួល ខេត្តស្វាយរៀង ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៥ ខែកញ្ញា តែម្តង។

កម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿង​បញ្ជូន​ជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តនៅថ្ងៃស្អែកនេះ។ សូមបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាបជនដៃដល់សម្លាប់មិត្តភក្តិខាងលើនេះ ក៏បានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធី ពីសំណាក់ព្រះរាជអាជ្ញា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងផងដែរ៕