(កណ្ដាល)៖ អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានកោះប្រជុំជាមួយមេប៉ុស្តិ៍ទាំងអស់ ដើម្បីស្តាប់ការពន្យល់ និងពិភាក្សាការងារផ្សេងៗ ពាក់ព័ន្ធនឹងករណីមានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងពីភាពយឺតយ៉ាវក្នុងការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនពួកគាត់។ ក្រោយការប្រជុំរួចលោកអធិការ បានសម្រេចកផ្អាកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ គំរូថ្មីមួយចំនួនដោយសង្ស័យថា មានសញ្ជាតិមិនច្បាស់លាស់។

ការកោះប្រជុំនេះ ក្រោយពីមានប្រជាពលរដ្ឋបាន Comments ក្នុង Page កាលពីខែមុន អំពីអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ ដែលបានថតអស់ពេលជាយូរហើយ តែនៅមិនទាន់បានយកទៅប្រើប្រាស់។

ផ្តើមចេញករណីនេះ លោកអធិការស្រុកកោះធំ បានបញ្ជាផ្នែកជំនាញពិនិត្យឃើញថា អត្តសញ្ញាណប័ណ្ណទាំងនោះ គឺបានបោះពុម្ភរួចហើយ ហើយក៏បានផ្តល់ទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីចែកជូនពលរដ្ឋរួចហើយ តែហេតុអ្វីប៉ុស្តិ៍នគរបាលរដ្ឋបាលមិនព្រមចែកជូន។ នៅក្នុងអង្គប្រជុំប្រធានប៉ុស្តិ៍រដ្ឋបាលចំនួន៣ បានឆ្លើយថា មូលហេតុដែលពួកគាត់មិនព្រមផ្តល់អត្តសញ្ញាណប័ណ្ណ ដែលបានបោះពុម្ភរួចនេះ គឺដោយសារពួកគាត់សង្ស័យមានសញ្ជាតិមិនច្បាស់លាស់។

ចប់កិច្ចប្រជុំ អធិការនគរបាលស្រុកកោះធំ បានចាត់តាំងក្រុមការងារជំនាញ នៃអធិការដ្ឋានមួយក្រុម ចុះទៅមូលដ្ឋានដើម្បីអង្កេតរឿងនេះ។ ក្រោយពិនិត្យ ឈ្មោះក្នុងអត្តសញ្ញាណខាងលើ ជំនាញអាចសន្និដ្ឋានបានថា ពួកគេមិនមែនជាជនជាតិខ្មែរពិតប្រាកដទេ។

ជាមួយគ្នានេះ លោកអធិការស្រុកកោះធំ បានធ្វើរបាយការណ៍សរុបមួយគោរពជូន លោកស្នងការខេត្តកណ្តាល និងស្នើឱ្យចាត់បង្កើតក្រុមអធិការកិច្ច ចុះមកអង្កេតស្រាវជ្រាវ ឱ្យជាក់លាក់មុនសម្រេចថា គាត់ជាជនជាតិណា និងតើត្រូវផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ ដល់គាត់យកទៅប្រើប្រាស់ ឬយ៉ាងណា៕