(ភ្នំពេញ)៖ ​ប្តី​ប្រពន្ធ​ពីរ​នាក់​ ត្រូវ​បាន​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់​ខ្លួននៅចំណុចផ្សារចាម ផ្លូវ៣៦៩​ ភូមិ​ព្រែក​តាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ​ ករណី​ឆបោក​ប្រាក់​ចំនួន​៣ម៉ឺន​ដុល្លារ​ តាម​រូបភាព​រៀបការ​ក្លែងក្លាយ​ទៅ​ប្រទេស​អូស្រ្តាលី​ ដោយ​លួងលោម​នារី​ម្នាក់​ថា​បាន​ប្តី​នៅ​ប្រទេស​អូស្រ្តាលី​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​៣​ម៉ឺន​ដុល្លារ​ តែ​ពុំ​បាន​សម្រេច​ ហើយ​ជនសង្ស័យ​រត់​គេច​ខ្លួន​រហូត​ ឥឡូវនេះលេច​ចេញករណីមួយទៀតគឺ ​«នាំ​ពលករ​ខុសច្បាប់​ទៅ​កូរ៉េ​»

សូមបញ្ជាក់ថា ក្រោយ​សមត្ថកិច្ច​បញ្ជូន​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ មក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ឥឡូវ​នេះ​ លេច​ករណី​នាំ​ពលករ​ខុសច្បាប់​ ទៅ​ប្រទេស​កូរ៉េ​មួយ​ករណី​ទៀត​ ។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​របស់​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ ធឿន​ សំណាង​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ និង​ស្ត្រី​ឈ្មោះ​ សុក​ ស័ក​ធីតា​ អាយុ​២៦ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ឆបោក​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ជា​ក្រុម​ មាន​ការ​ចាត់តាំង​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មាន​ការ​យល់ច្រឡំ​ជាមួយ​ការ​បំពេញ​មុខងារ​សាធារណៈ​ និង​បទ​សមគំនិត»​​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១៣​ តាម​មាត្រា​៣៧៧​ មាត្រា​​ ៣៨០​ និង​មាត្រា​៦១០​នៃ​ក្រម​ព្រហ្មទណ្ឌ​។

សូមជំរាបថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាល, សម្តេចតេជោ ហ៊ុន សែន បានចរចាស្នើសុំ​ ភាគីកូរ៉េខាងត្បូង ក្នុងការទទួលយកពលករខ្មែរ ទៅធ្វើការនៅទីនោះ ហើយអ្វីដែលជាការរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់ចាញ់បោកក្រុមហ៊ុននាំពលករទៅធ្វើការនៅកូរ៉េទៀត, ព្រោះក្រសួងការងារ មិនដែលបានអនុញ្ញាតឲ្យ ក្រុមហ៊ុនណាមួយ មានសិទ្ធិនាំពលករទៅធ្វើការ នៅក្រៅប្រទេសនោះទេ មានតែក្រសួងទេដែល មានសិទ្ធិបញ្ជូនពលករ ទៅធ្វើការនៅកូរ៉េ៕