(វ៉ាស៊ីនតោន)៖ នៅថ្ងៃអង្គារ សប្តាហ៍នេះ គណបក្សប្រជាធិបតេយ្យ ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើការរារាំងជាលើកទីបី នូវការអនុម័តសេចក្តីព្រាងច្បាប់ដែល មានតម្លៃ ១,១ពាន់លានដុល្លារអាមេរិក ស្តីពីការប្រយុទ្ធប្រឆាំងនឹងវីរុស Zika បន្ទាប់ពីគណបក្សសាធារណៈរដ្ឋ បានស្នើឲ្យអនុម័តនូវសេចក្តី ព្រាងច្បាប់នេះ ដែលនឹងបញ្ចប់មូលនិធិ ផ្តល់ជំនួយដល់ស្រ្តី ក្នុងការពន្លូតកូន។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

គណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបញ្ឈប់មិនឲ្យ សេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងវីរុស Zika អាចត្រូវបានអនុម័តទៅរួច ព្រោះថាសេចក្តីព្រាងច្បាប់ នេះ អាចបង្កភាពរាំងស្ទះដល់ មូលនិធិសម្រាប់សុខភាពបន្តពូជ «Planned Parenthood»។ សេចក្តីព្រាងច្បាប់ ដែលត្រូវការសំឡេងឆ្នោតចំនួន៦០សំឡេង ដើម្បីដាក់សម្រេចឲ្យអនុម័តបាន គឺអាចទទួលបានត្រឹមតែ ៥០សំឡេងតែប៉ុណ្ណោះក្នុងព្រឹទ្ធសភានៅថ្ងៃអង្គារ។  

ប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនលោក Mitch McConnel បានចោទគណបក្សប្រជាធិបតេយ្យ ថាមានចរិតបក្សពួកនិយម។ លោកនិយាយថា «វាពិបាកនឹងយល់ណាស់ថា ហេតុអ្វីខាងគណបក្ស ប្រជាធិបតេយ្យ សម្រេចចិត្តរារាំងមិនឲ្យ សេចក្តីព្រាងច្បាប់ដែលនឹង ការពារស្រ្តីមានផ្ទៃពោះនិងទារកក្នុងផ្ទៃ ឲ្យមានសុវត្ថិភាពពីវីរុស Zika»

គួរបញ្ជាក់ដដែលៗថា វីរុស Zika បង្កជាអាការៈរោគធម្មតាៗប៉ុណ្ណោះ ដល់មនុស្សភាគច្រើន ប៉ុន្តែចំពោះ ស្រ្តីមានផ្ទៃពោះវិញ វាអាចបង្កឲ្យទារកនៅក្នុងផ្ទៃ កើតមកមានក្បាលតូចជាងធម្មតា។  ជាមួយគ្នានេះផងដែរ កាលពីខែសីហាកន្លងទៅនេះ លោកប្រធានាធិបតី Barack Obama ក៏បានស្នើឲ្យសភាសហរដ្ឋអាមេរិក ផ្តល់មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុស Zika ផងដែរបន្ទាប់ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក បានសម្តែងពី ការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីករាលដាលនៃវីរុសនេះ ខណៈដែលមានការរាយការណ៍ថា មានការឆ្លងវីរុស Zika នៅរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក៕