(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដឹកនាំដោយលោក ប៊ុន សុខូម៉ា អនុប្រធានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យចំណីអាហារផលិតផល កំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅ ម៉ាត ហាងទំនិញ តាមផ្ទះ តាមតូប ក្នុងផ្សារច្បារអំពៅ និងផ្សារព្រែកឯង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០១៦នេះ។

លោក ប៊ុន សុខូម៉ា បានឲ្យដឹងថា តាមការណែនាំរបស់លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យលោកចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាន នឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នងមីនីម៉ាត ស្ថិតក្នុងសង្កាត់ច្បារអំពៅ រួមទាំងផលិតផលចំណីអាហារ រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ និងផលិតផលគ្រឿងសមុទ្រជាដើម ដែលកំពុងចរាចរ ដាក់លក់នៅ លើទីផ្សារ។

ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើតេស្តជាបឋម នៅនឹងកន្លែង ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដែលបានដាក់លាយនៅក្នុងចំណីអាហារ បន្លែផ្លែឈើ ផលិតផលគ្រឿងសមុទ្រជាដើម។

ក្នុងករណីមានការសង្ស័យថា មានសារធាតុគីមីកំរិតខ្ពស់ មន្រ្តីកាំកុងត្រូល បានធ្វើការទិញ ឬស្នើសុំគំរូទាំងនោះ បញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានបន្ត ដើម្បីស្វែងរកកម្រិតនៃសារធាតុគីមី ហាមឃាត់ទាំងនោះអោយបានជាក់ច្បាស់មុន នឹងធ្វើការហាមឃាត់ រឹបអូសទៅកំទេចចោល នឹងមានវិធានការ សមស្របទៅតាមច្បាប់ ចំពោះអាជីវករណា ដែលលួចដាក់នូវសារ ធាតុគីមី ដែលច្បាប់បានហាមឃាត់ ហើយបានធ្វើឲ្យប៉ះពាល់សុខភាពសាធារណជន។

លោក ប៊ុន សុខូម៉ា បានឲ្យដឹងថា នៅក្នុងផ្សារច្បារអំពៅថ្ងៃនេះ មន្រ្តីជំនាញរបស់លោកបានធ្វើតេស្តរកឃើញ នៅក្នុង ត្រយ៉ូងចេក ហាន់ត្រាំទឹក ដែលមានសារធាតុគីមីម្យ៉ាងមានឈ្មោះ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ដែលជាសារ ធាតុគីមីហាមឃាត់មិនអោយធ្វើការប្រើប្រាស់ក្នុងចំណីអាហារព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូលបានធ្វើការសុំដកហូតយកទៅកំទេចចោល ព្រមទាំងបានធ្វើការណែនាំដល់អ្នក់លក់ និងអ្នកទិញ ត្រូវដឹងពីអត្តសញ្ញាណ ប្រភព អាស័យដ្ឋានរបស់អ្នកដែល យកមកលក់អោយខ្លួន ឬរក្សាទុកនូវវិក្កយ បត្រទូទាត់អោយបានត្រឹមត្រូវជាពត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដានបន្ត នឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលទាំងនោះ។

លោក ប៊ុន សុខូម៉ា ក៏បានសំណូមពរ ដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះព្រោះថា បើមិនដកហូតទេមិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលនឹងទទួលទានផលិតផលនេះហើយបណ្តាលឲ្យខូចសុខភាពនោះឡើយ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ជាមួយគ្នានោះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៃក្រសួង ពាណិជ្ជកម្ម បានអោយដឹងថា លោកបានណែនាំ និងផ្តល់អនុសាសន៍ដល់បណ្តាសាខាកាំកុងត្រូល ដែលបាននឹងកំពុងឈរជើងនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំង លក់នៅតាមទីផ្សារ អោយបានជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកលើកកម្ពស់ការពារសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕