(កំពង់ធំ)៖ ក្រោមការណែនាំរបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ក្រុមការងារមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ដឹកនាំដោយលោក ទឹង សាមិត្ត ទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្មបានចុះបើកវគ្គបំប៉នសមត្ថភាព ដល់មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់ធ្វើការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិតផល និងទំនិញវេចខ្ចប់ដោយប្រើឧបករណ៍មាត្រាសាស្ត្រ (ដៃបាញ់ប្រេង ជញ្ជីថ្លឹង)​​ នៅតាមបណ្តាមូលដ្ឋានមួយចំនួនក្នុងខេត្ត។

ក្នុងវគ្គបំប៉នលោក ទឹង សាមិត្ត បានលើកឡើងថា មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ជាស្ថាប័នដែលមានឋានៈស្មើអគ្គនាយកដ្ឋានចំណុះឲ្យ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានតួនាទីនិងភារិកិច្ចអនុវត្តច្បាប់មាត្រាសាស្ត្រកម្ពុជា ដែលមានវិសាលភាពលើដាក់តាំងលក់ផលិតផលការនាំចូល ការប្រើប្រាស់ ការថែទាំនិងការវេចខ្ចប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តទៀតថា ការបើកវគ្គបំប៉មានគោលបំណងធានាផលប្រយោជន៍ រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ធានាការធ្វើពាណិជ្ជកម្មមានភាពយុត្តធម៌និងត្រឹមត្រូវ ធានាធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពទំនិញ ផលិតផល សេវាកម្ម សេវាកម្មនិងគ្រប់គ្រង កំណត់អត្តសញ្ញាណ និងលុបបំពាត់របាំងបច្ចេកទេសដើម្បីឲ្យសុខដុមនីយកម្មក្នុងសកម្មភាពពាណិជ្ជកម្ម លើវិស័យនីត្យានុកូលមាត្រាសាស្ត្រ ធ្វើឲ្យមានជំនឿ និងទំនុកចិត្តលើការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ ក្នុងសកម្មភាពពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដើម្បីសុខភាព សុវត្ថិភាពនិងបរិស្ថាន សម្រួលការអភិវឌ្ឍន៍ផ្ន្នែកវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីភាពរីកចម្រើន នៃសេដ្ឋកិច្ច។

ក្នុងទទួលទទួលវគ្គបំប៉នចប់ក្រុមការងារ បានចុះអនុវត្តជាក់ស្តែងទៅលើដៃបាញ់ប្រេង នៅស្ថានីយ៍ប្រេងឥន្ធនៈសូគីមិចអៀង ម៉េង សហគ្រាសផលិតទឹកសុទ្ធ ទឹកក្រូច លឹម ភ័ន និងអាជីវករលក់អង្ករផ្សារកំពង់ធំ៕