(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែ កញ្ញានេះថា  កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយ សំដៅពង្រឹងការចែក រំលែកព័ត៌មានពាក់ព័ន្ធនឹង ការបាញ់សាកល្បង មីស៊ីលផ្លោង របស់កូរ៉េខាងជើង និងការគ្រោងអភិវឌ្ឍន៍ គ្រាប់នុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់បំផុត សម្រាប់សកលលោក។

ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងជំនួបតាមរយៈ វីដេអូអនឡាញ រវាងក្រុមមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទំាងបី ដោយមន្ត្រីទាំងបីរូប ក៏បានថ្កោលទោស ពេញមួយទំហឹងផងដែរ ចំពោះការបាញ់ សាកល្បងមីស៊ីលផ្លោងពី សំណាក់របបដឹកនាំ ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីនេះ ដែលជាការរំលោភ យ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត លើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

ជាងនេះទៅទៀត តំណាងប្រទេសទាំងបីបានសន្យាថា នឹងបន្តធ្វើការងារយ៉ាងជិតស្និតរួមគ្នា ក៏ដូចជា ចែករំលែកព័ត៌មានរវាងគ្នាទៅវិញទៅមក ប្រឈមមុខនឹងការគំរាម កំហែងពីគ្រាប់មីស៊ីលរបស់ កូរ៉េខាងជើង។ «សហរដ្ឋអាមេរិកបានអះអាងឡើងវិញ ពីការចូលរួមដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន គឺ កូរ៉េខាងត្បូង និងជប៉ុន»។ នេះបើយោងតាមការគូសបញ្ជាក់ របស់ក្រសួងការពារជាតិ កូរ៉េខាងត្បូង។

គួររំលឹកថា កាលពីថ្ងៃ ចន្ទកន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបីគ្រាប់អាចជាប្រភេទ មីស៊ីល Rodong ដោយក្នុងនោះមានមីស៊ីល មួយគ្រាប់ ហោះក្នុងចំងាយ ១,០០០ គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន៕