(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកអះអាងថា យន្តហោះចម្បាំងរុស្ស៊ី បានធ្វើការហោះហើរ មកកៀកនឹងយន្តហោះ ស៊ើបការណ៍របស់អាមេរិក ដែលមានគម្លាតពីគ្នាត្រឹមតែ ០៣ម៉ែត្រប៉ុណ្ណោះ ក្នុងអំឡុងពេលប្រតិបត្តិការជាប្រចាំរបស់ យន្តហោះអាមេរិក នៅដែនអាកាសអន្តរជាតិលើផ្ទៃសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍ ខាងលើនេះបានឲ្យដឹងថា ដំបូងឡើយយន្តហោះចម្បាំងរុស្សីធុន SU-27 បានហោះចម្ងាយប្រហែល ១០ម៉ែត្រ ហើយបន្ទាប់មក ក៏ចូលមកកៀកត្រឹម៣ម៉ែត្រ ពីយន្តហោះ ស៊ើបការណ៍អាមេរិកធុន U.S. P-8A Poseidon។ ហេតុការណ៍នេះកើតឡើង នៅម៉ោង ១១៖២០នាទីព្រឹក និងបន្តរហូតដល់១៩នាទី នៅថ្ងៃទី០៧ ខែកញ្ញា។

មន្ទីរបញ្ចកោណ បាននិយាយថា «ទង្វើនេះអាចបណ្តាលឲ្យ ភាពតានតឹងផ្នែកយោធា រវាងអាមេរិកនិង រុស្ស៊ីកាន់តែខ្លាំងឡើង ហើយបើមានអ្វីជ្រុលជ្រួសកើតឡើងនោះ វាអាចបង្កជាគ្រោះថ្នាក់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសទាំងសងខាងបាន»

ជាការឆ្លើយតបនឹងការអះអាងរបស់អាមេរិក អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវបញ្ជូន យន្តហោះចម្បាំងខ្លួនទៅស្កាត់ យន្តហោះស៊ើបការអាមេរិក ដែលបានព្យាយាម ឈ្លានពានចូលដែនអាកាស របស់ប្រទេសរុស្ស៊ីនៅលើសមុទ្រខ្មៅ ដោយបានធ្វើការហោះហើរដោយបិទវិទ្យុទាក់ទងរបស់ខ្លួន។

គួរបញ្ជាក់ដែរថា នេះមិនជាលើកទីមួយទេ ដែលមានហេតុការណ៍ ប្រឈមមុខដាក់គ្នារវាង យន្តហោះ និងយន្តហោះ ក៏ដូចជានាវាចម្បាំង របស់ប្រទេសមហាអំណាច ទាំងពីរនៅក្នុងឆ្នាំនេះ ដោយកាលពីខែមិថុនា អាមេរិកនិងរុស្ស៊ី បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក នៅពេលដែលនាវាចម្បាំង ប្រទេសទាំងពីរ មកប៉ះគ្នានៅសមុទ្រ មេឌីទែរ៉ាណេ ហើយកាលពីខែមករា ដើមឆ្នាំ ២០១៦នេះ ក៏ធ្លាប់មានយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្វើការហោះហើរ នៅចម្ងាយប្រមាណ៥ម៉ែត្រ ពីយន្តហោះស៊ើបការណ៍អាមេរិក នៅលើផ្ទៃសមុទ្រខ្មៅដូចគ្នាផងដែរ៕