(ណៃពិដោ)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយគណបក្សរបស់លោកស្រី អោងសាន ស៊ូជី បានបង្កើតនូវផែនការធំមួយ គឺការទាញយកប្រទេសអាស៊ានមួយនេះ ចាកចេញពីបញ្ជីនៃប្រទេស ដែលមានការអភិវឌ្ឍតិចតួចបំផុតលើលោក (LDC) តាមរយៈការបង្កើតជំនួយលើការអភិវឌ្ឍ និង បច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក U Maung Maung Win អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ផែនការ បានប្រាប់នៅក្នុងអង្គសភាជាតិ ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាត់បញ្ជូលទៅក្នុងចង្កោមប្រទេស LDC កាលពីឆ្នាំ ១៩៨៧ ហើយយើងពិតជាមិនសប្បាយចិត្តនោះឡើយ ចំពោះលំដាប់ថ្នាក់ដ៏ទាបនេះ ពីព្រោះយើងក៏បានទទួលរងគ្រោះដោយសារតែ ទណ្ឌកម្មសេដ្ឋកិច្ចកន្លងមកផងដែរ។

ហេតុដូច្នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងបង្កើតគំរោងស្នើសុំជំនួយលើការអភិវឌ្ឍរយៈពេលខ្លី ចំពោះវិស័យបច្ចេកវិទ្យា និង ការប្រឹក្សា ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលនឹងត្រូវការ ក្រុមជំនាញមកកាន់ប្រទេសនេះ ដើម្បីជួយជម្រុញឲ្យមីយ៉ាន់ម៉ា សម្រេចបាននូវគោលដៅក្នុងការ ដកខ្លួនចេញពីបណ្តាប្រទេស LDC ក្នុងពេលឆាប់ៗ៕