(វ៉ាស៊ីនតោន)៖ រឿងប្លែកមួយទៀតហើយបានកើតឡើង គឺបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្ស សាធារណរដ្ឋលោក Donald Trump បានថ្លែងក្នុងបទបង្ហាញជា​មួយមន្ត្រីជើងចាស់អាមេរិក​មួយរូប ដោយក្នុងនោះលោកបានសរសើរប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ចំៗថាជាមេដឹកនាំល្អ ខុសដាច់ ឆ្ងាយពីមេដឹកនាំរបស់អាមេរិក ដែលគ្រប់គ្នាស្គាល់ច្បាស់។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក Trump បានថ្លែងនៅក្នុងវេទិកាខាងលើដូច្នេះថា «ប្រធានាធិបតីរុស្ស៊ី បាននិងកំពុងដឹកនាំប្រទេស ក្នុងស្ថានភាពល្អជាងអ្វីដែលលោក បារ៉ាក់ អូបាម៉ា បានធ្វើឆ្ងាយណាស់»។ ការថ្លែងបែបនេះ គឺបានកើតឡើង ដំណាលគ្នាទៅនឹងប្រធានមន្ទីរការពារជាតិបញ្ចកោណរបស់អាមេរិក ដែលកំពុងតែឈឺក្បាលវិលមុខ ទៅនឹងការហោះហើរជែងរបស់យន្តហោះចម្បាំងរុស្ស៊ី មកលើយន្តហោះស៊ើបការណ៍អាមេរិក នៅលើដែនសមុទ្រខ្មៅ នាថ្ងៃពុធម្សិលមិញ។

បន្ថែមពីនេះទៀតលោក Trump បានបង្កត់ធ្ងន់ថា «លោក ពូទីន បានគ្រប់គ្រងប្រទេសរបស់លោក ប្រកបដោយភាពអស្ចារ្យ។ លោកបានសម្រេចការគាំទ្រនៅក្នុងប្រទេស ៨២ភាគរយឯណោះ»។ នេះ បើតាមការអះអាងរបស់លោក Trump ក្នុងបទសម្ភាសន៍ នៅក្នុងទូរទស្សន៍ NBC។

បច្ចុប្បន្ននេះ គេសង្កេតឃើញថាលោក Trump ហាក់មានប្រជាប្រិយភាពកើនឡើងវិញ ដោយសារតែការ កែសម្រួលនយោបាយគោលៗមួយចំនួន ដែលធ្លាប់ជះផលអវិជ្ជមានខ្លាំងដល់លោក កាលពីអំឡុងពេល ធ្វើយុទ្ធនាការរយៈពេលពីរទៅបីខែកន្លងទៅនេះ។ អ្វីដែលជាការហុចផលឲ្យលោក Trump ទៀតនោះ គឺលោកស្រី គ្លីនតុន ដែលជាគូប្រជែង ក៏កំពុងតែគ្របដណ្តប់ដោយ​រឿងអាស្រូវនៃការប្រើប្រាស់ សារអេឡិចត្រូនិកផ្ទាល់ខ្លួន កាលពីសម័យលោកស្រីជារដ្ឋមន្ត្រីការបរទេស ដែលបានផ្ទុយនឹងច្បាប់៕