(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសថ្កោលទោស ការប្រើអំណាច តុលាការរំលោភសិទ្ធិតំណាងរាស្រ្តី អ៊ុំ សំអាន និងលោក កឹម សុខា ប៉ុន្តែត្រូវបានតុលាការក្រុងភ្នំពេញអះអាងថា ចំណាត់ការ របស់តុលាការដល់សំណុំរឿង អ៊ុំ សំអាន និងលោក កឹម សុខា គឺជាចំណាត់ការ ដ៏ត្រឹមត្រូវតាមផ្លូវច្បាប់ ដោយតុលាការ បានអនុវត្តនូវនីតិវិធីយ៉ាងត្រឹមត្រូវ និងប្រកបដោយតម្លាភាពស្របតាមច្បាប់ នៅក្នុងចំណាត់ការរឿងក្តីនេះ។

ឆ្លើយតបនឹងសំណួររបស់អង្គភាព Fresh News សួរទៅកាន់មន្រ្តីជាន់ខ្ពស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ ការចោទប្រកាន់ទៅលើប្រព័ន្ធតុលាការ ប្រើអំណាចរំលោភលើសំណុំរឿងលោក អ៊ុំ សំអាន និងលោក កឹម សុខា ពីសំណាក់ តំណាងរាស្រ្តបក្សប្រឆាំងនោះ ត្រូវបានលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងយ៉ាង ដូច្នេះថា៖

ទី១៖ តុលាការបានអនុវត្តនូវនីតិវិធីយ៉ាងត្រឹមត្រូវ និងប្រកបដោយតម្លាភាពស្របតាមច្បាប់ នៅក្នុងចំណាត់ការរឿងក្តីនេះ។

ទី២៖ គោរព និងអនុវត្តយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីលក្ខន្តិកៈ តំណាងរាស្រ្ត និងច្បាប់ស្តីពីលក្ខន្តិកៈ សមាជិក ព្រឹទ្ធសភា ចំពោះអភ័យឯកសិទ្ធិសភា នៅក្នុងការចោទប្រកាន់ទាក់ទងនឹងបទល្មើសជាក់ស្តែង។

ទី៣៖ ភាគីដែលពាក់ពន្ធ័មានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការប្តឹងតវ៉ានានាចំពោះសេចក្តីសម្រេចដែលខ្លួនមិនពេញចិត្ត ដោយគោរពទៅតាមនីតិវីធីជាធរមាន ហើយសិទ្ធិក្នុងការតវ៉ាទាំងនេះត្រូវធ្វើតាមផ្លូវតុលាការ និងតាមផ្លូវច្បាប់ប៉ុណ្ណោះ។

ការឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់ និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបែបនេះ ធ្វើឡើងបន្ទាប់ពីនៅវេលាថ្ងៃត្រង់ទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយធ្វើការថ្កោលទោស ចំពោះការប្រើអំណាចតុលាការរំលោភសិទ្ធិតំណាងរាស្រ្ត អ៊ុំ សំអាន និងលោក កឹម សុខា៕