(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី0៨ ខែកញ្ញា ឆ្នាំ ២០១៦នេះ បានដឹកនាំក្រុមការងារ ពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង និងដាក់ប្រព័ន្ធលូ ស្ថិតក្នុងភូមិលូ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះ លោក ជា ពិសី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនអ្នកថា «ដើម្បីឆ្លើយតបឲ្យទាន់ សភាពការណ៍ ទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបនូវបញ្ហាផ្លូវលិចលង់ នារដូវវស្សានេះ ទើបអាជ្ញាធរ យើង សម្រេចបើកការដ្ឋានដើម្បីជួសជុលផ្លូវបេតុង ឆ្អឹងដែក និងដាក់ប្រព័ន្ធលូបង្ហូរទឹក២គម្រោង ស្មើនឹង៣ខ្សែ ដោយ១ខ្សែ ស្ថិតក្នុងភូមិស្វាយប៉ាក ដែលមានប្រវែង៥៤៨ម៉ែត្រ ទទឹង៦ម៉ែត្រ មានកម្រាស់០.១៥ម៉ែត្រ និងដាក់លូ ប្រវែង៥៩០ម៉ែត្រ ដែលមានមុខកាត់០.៦ម៉ែត្រ ដែលប្រើប្រាស់គម្រោងមូលនិធិរបស់សាលាខណ្ឌឫស្សីកែវឆ្នាំ២០១៦ ។

លោកអភិបាលខណ្ឌបន្តថា ផ្លូវបេតុងត្រូវជួសជុល១ខ្សែទៀត មានប្រវែង៤៥២ម៉ែត្រ ទទឹង៣.២៦ម៉ែត្រ មានកម្រាស់ ០.១២ម៉ែត្រ ស្ថិតក្នុងភូមិស្វាយប៉ាក និងជួសជុលផ្លូវបេតុង ស្ថិតក្នុងភូមិលូ មានប្រវែង១៣៥.៥ម៉ែត្រ ទទឹង៤ម៉ែត្រ មានកម្រាស់០.១២ម៉ែត្រ ដោយប្រើប្រាស់គម្រោងមូល និធិរបស់សាលាសង្កាត់ស្វាយប៉ាកឆ្នាំ២០១៦ ត្រូវបានឲ្យបើក ការដ្ឋានជួសជុល និងដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចាប់ពីព្រឹកថ្ងៃនេះតទៅហើយ។

ជាមួយគ្នានោះដែរ លោក បានបញ្ជាក់ថា «បច្ចុប្បន្នយើងទទួលបានសន្តិសុខសុវត្ថិភាព ដូចនេះយើងងាកមករកការអភិវឌ្ឍ វិញដោយក្នុង ថ្ងៃនេះបងប្អូនទទួលបានផ្លូវ ក៏ដូចជាលូតាមតម្រូវការ ហើយសំខាន់ យើងត្រូវនាំគ្នាជួយថែរក្សា ជាពិសេស សូមកុំយកសំរាមមកចាក់ចូលលូ ជៀសវាងការស្ទះលូ ហើយត្រូវសូមជួយសម្អាតទាំងអស់គ្នា ហើយអ្វីដែលសំខាន់ ជាងនេះទៅ ទៀតនោះគឺសាលាសង្កាត់ ត្រូវបើកវេទិការសាធារណៈឲ្យបានញឹកញាប់ ដើម្បីដោះស្រាយរាល់បញ្ហា របស់ប្រជាពលរដ្ឋ (បើប្រជាពលរដ្ឋ រមាស់កន្លែងណា យើងជាអាជ្ញាធរត្រូវ អេសឲ្យចំកន្លែង)»

អភិបាលខណ្ឌឬស្សីកែវ បន្ថែមថា ដោយសារតែប្រទេសកម្ពុជា ជាប្រទេសដែលមានប្រជាធិបតេយ្យ មាននីតិរដ្ឋ និងស្ថេរភាព នយោបាយ ដោយទទួលបានសុខសន្តិភាព ទើ បមានការអភិវឌ្ឍន៍ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែមានការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាចុងក្រោយលោក ជា ពិសី បានជូនវត្ថុអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋនូវសារុងម្នាក់មួយផងដែរ ដើម្បីបង្កើន ភាពស្និទ្ធស្នាល ឲ្យកាន់តែស៊ីជម្រៅ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ៕