(កំពង់ស្ពឺ)៖ ពេលរដូវវស្សាមកដល់ សកម្មភាពព្រួសសាប ដកស្ទួង ក៏កំពុងមមាញឹកដែរ និងជាការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការទូទៅខេត្ត ចុះជួយដកស្ទូងជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ខ្លះជាស្ត្រីមេម៉ាយ និងអ្នកខ្លះទីទាល់ខ្វះខាតមួយចំនួន ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជាមួយនឹងសកម្មភាពចុះជួយនេះដែរ លោកអភិបាលខេត្តក៏បានចុះពិនិត្យ ពីស្ថានភាពការបង្កបង្កើនផលជាច្រើនកន្លែងផងដែរ ក្នុងស្រុកឧដុង្គ និងបានឃើញថា ប្រជាពលរដ្ឋនៅទីនោះកំពុងជួបការខ្វះខាតទឹក។

លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចុះជួយប្រជាពលរដ្ឋជាប្រចាំ ជាពិសេសគ្រួសារក្រីក្រ ដែលពុំមានលទ្ធភាពបង្កបង្កើនផលខ្លួនឯង រួមទាំងពិនិត្យរាល់ការខ្វះខាតទឹក សម្រាប់ដកស្ទូងជូនប្រជាពលរដ្ឋផងដែរ៕