(បន្ទាយមានជ័យ)៖ ផ្លូវលំ ១ខ្សែមានប្រវែង ១១គីឡូម៉ែត្រ ក្នុងឃុំស្រះរាំង និងឃុំបន្ទាយនាង ស្រុកមង្គលបូរី រងការខូចខាតយ៉ាងដំណំ ដោយសារតែទឹកភ្លៀង ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំង បានធ្វើការគៀងគរពីសប្បុរសជន ដើម្បីយកមកជួសជុលផ្លូវ១ខ្សែនេះឡើងវិញ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នេះលោកវរសេនីយ៍ឯក វង្ស ធី តំណាងលោក ឱ បូរិន្ទ ប្រធានក្រុមការងារចុះជួយឃុំស្រះរាំង រួមជាមួយលោកឧកញ៉ា សាន តេង និងលោក ឡុង ពុន អភិបាលស្រុកមង្គលបូរី បានចុះបើកការដ្ឋានស្ថាបនាឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

លោកឧកញ៉ា សាន តេង បានលើកឡើងថា ក្នុងការជួសជុលផ្លូវមួយខ្សែនេះ លោកបានចំណាយអស់ថវិកា៧០០០ដុល្លា ក្នុងនោះមានគ្រឿងចក្រ២គ្រឿង ហើយក្នុងការជួសជុលនោះ ប្រើរយៈពេលប្រហែល៧ថ្ងៃ ដើម្បីឲ្យប្រពលរដ្ឋនៅក្នុងឃុំទាំង២នេះ បានធ្វើចរាចរណ៍ទៅមកឲ្យបានស្រួល។

លោកឡុង ពុន អភិបាលស្រុកមង្គលបូរី បន្ថែមថា ក្នុងនាមលោកជាអាជ្ញាធរស្រុកមង្គលបូរីនេះ លោកសូមថ្លែងអណរគុណ ដល់ក្រុមការងារចុះជួយឃុំស្រះរាំង កន្លងមកនេះក្រុមការងារខិតខំជួយ និងកសាងក្នុងឃុំស្រះរាំងនេះ ឲ្យមានការរីកចំរើនឥតឈប់ឈរ ហើយលោកក៏សូមអរគុណដល់លោកឧកញ៉ា សាន តេង និងលោកស្រី ឈុន កាន ដែលបានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីជួយកសាងផ្លូវមួយខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទ បានបញ្ជាក់ថា ក្នុងឃុំស្រះរាំងនេះ កាលពីដើមឡើយមានការខ្វះខាត ជាច្រើនដូចជា ផ្លូវពិបាកក្នុងការធ្វើដំណើរ គ្មានប្រព័ន្ធទន្លេសាស្ត្រ សម្រាប់ផ្តល់ទឹកធ្វើស្រែ គ្មានស្រះ គ្មានអណ្តូងទឹក និងនៅមានបញ្ហាជាច្រើនដែលត្រូវប្រឈម ក្រោយពីបានបង្កើតក្រុមការងារ ចុះជួយឃុំស្រះរាំងនេះ ធ្វើឲ្យឃុំស្រះរាំងមានការរីកចំរើនឥតឈប់ឈរ៕