(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម ដឹកនាំដោយលោក ជួន សុជាតិ ប្រធានសាខា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរួមសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យចំណីអាហារផលិតផល កំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផលក្រុមការងារបានរកឃើញស្រាបៀរម៉ាក BLACK CAT ចំនួន១១កេះ ដែលហួសកាលបរិច្ឆេទ (ហួសដឺឡេ)។ លោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមផ្សារពាមជីកងដូចជា រួមទាំងផលិត ផលចំណីអាហារ រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ និងផលិតផលគ្រឿងសមុទ្រជាដើម ដែលកំពុងចរាចរ ដាក់លក់នៅ លើទីផ្សារ ។ លោកប្រធានសាខាបានឲ្យដឹងថា ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើតេស្តជាបឋម នៅនឹងកន្លែង ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដែលបានដាក់លាយនៅក្នុងចំណីអាហារ បន្លែផ្លែឈើ ផលិតផលគ្រឿងសមុទ្រជាដើម។ លោក ជួន សុជាតិ បានឲ្យដឹងបន្ថែមថា នៅក្នុងការចុះ​ពិនិត្យនៅផ្សារពាមជីកង មន្រ្តីរបស់លោករកឃីញបានរក ឃើញស្រាបៀរម៉ាក BLACK CAT ចំនួន១១កេះ ដែលហួសកាលបរិច្ឆេទ ហើយត្រូវបានដកហូត ដើម្បីយកទៅកំទេចចោល។ ជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំដល់អ្នកលក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាស័យដ្ឋានរបស់អ្នកដែល យកមកលក់ឲ្យខ្លួន ឬរក្សាទុកនូវវិក្កយបត្រទូទាត់ ឲ្យបានត្រឹមត្រូវជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់សមត្ថកិច្ចកាំកុងត្រូល ក្នុងការចុះស្រាវជ្រាវ និងតាមដានបន្ត នឹងមានវិធានការ ទៅតាមផ្លូវច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលទាំងនោះ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល​ការបរិភោគអាហារហួស​កាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។ លោក ជួន សុជាតិ ក៏បានសំណូមពរដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីរបស់លោក ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ដែលនឹងទទួលទានផលិតផលនេះហើយបណ្តាលឲ្យខូចសុខភាពនោះឡើយ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕