(ភ្នំពេញ)៖ ឆ្នាំនេះគឺជាឆ្នាំទី៥០នៃទិវាអក្ខរកម្មអន្តរជាតិ ដែលបានប្រារព្វធ្វើ​នៅជុំវិញពិភពលោក សម្រាប់លើកកម្ពស់តម្លៃអក្ខរកម្ម​ដែលជាមូលដ្ឋានគ្រឹះ​មួយនៃសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ អក្ខរ​កម្មមាន​សារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយភាពក្រីក្រ សមភាពយ៉េនឌ័រ បរិយាកាស និងសង្គមប្រកបដោយនិរន្តរភាព។ អក្ខរកម្មគឺមិនមែនគ្រាន់តែជា​​សមត្ថភាពក្នុងការអាន សរសេរ​និងការ​គិតលេខងាយៗនោះទេ។ វាជាការប្រើប្រាស់នូវរាល់សមត្ថភាព​ទាំងអស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃ​ជីវិតរស់នៅរបស់ខ្លួនឯង និងអ្នកដ៏ទៃនៅជុំវិញខ្លួន។ អក្ខរកម្មជួយឲ្យយើង​យល់ច្បាស់​លាស់និងធ្វើទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព ឲ្យរស់នៅមានសន្តិភាពជាមួយអ្នកដ៏ទៃ ឲ្យចេះគិតពិចារណា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិ។

ប្រធានបទទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះគឺ «អានអតីតកាល សរសេរពីអនាគត» បានភ្ជាប់កិច្ចខិតខំប្រឹងប្រែងទាំងឡាយនៃការអប់រំ​សម្រាប់ទាំងអស់គ្នាចាប់តាំងពីឆ្នាំ២០០០ ដល់២០១៥មក ជា​មួយ​នឹង​ការសន្យានានានៅក្នុងរបៀបវារៈនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព​នៅឆ្នាំ២០៣០។ យោងតាមរបាយការណ៏របស់វិទ្យាស្ថាន​ស្ថិតិរបស់អង្គការយូណេស្កូ​ឆ្នាំ២០១៥ បានបង្ហាញថានៅ​លើ​ពិភពលោក​មានកុមារនិងយុវជនវ័យក្មេង​ នៅក្រៅសាលាអាយុពី៦ទៅ១៥ឆ្នាំ ប្រហែល១២៤លាននាក់ រាប់បញ្ចូលទាំងកុមារចំនួន​២៥លាននាក់ ដែលមិនបានចុះឈ្មោះ​ចូលរៀននៅក្នុង​សាលាបឋម​សិក្សា​ក្នុងឆ្នាំ​២០១៣។

របាយការណ៏ត្រួតពិនិត្យតាមដានជាសកលឆ្នាំ២០១៥ ក៏បានបង្ហាញឲ្យដឹងដែរថាក្នុងអំលុង​ពេលពីឆ្នាំ២០០៥ ដល់២០១៤ មានជនពេញវ័យប្រហែល​៧៥៨លាននាក់ (ច្រើនជាង៦០%ជាស្រ្តី) គឺជាអ្នក​មិនចេះអក្សរ។ និយាយម្យ៉ាងទៀតថាក្នុងចំណោម​ជនពេញវ័យ៦នាក់មានម្នាក់​គឺជាអ្នកមិនចេះអក្សរ​នៅក្នុងពិភពលោក​សព្វថ្ងៃនេះ។ យើងដឹងហើយថាអក្ខរកម្មមានន័យស្រដៀងគ្នាទៅនឹង​ភាពឯ​កោ​និងក្រីក្រ។ ដូចនេះទិវាអក្ខរកម្មអន្តរជាតិពញ្ញាក់ស្មារតីយើងទាំងអស់គ្នាឲ្យយនឹកឃើញនូវរាល់បញ្ហាប្រឈមសព្វថ្ងៃនិងជម្រុញលើកទឹកចិត្ត​ឲ្យយើងខិតខំ​ស្វែងរកដំណោះ​ស្រាយថ្មីៗដើម្បីជម្រុញការងារ​អក្ខរកម្មឲ្យកាន់​តែប្រសើរឡើងថែមទៀត​នាពេលអនាគត។ ទោះបីជាមានការីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើផ្នែកសេវាអប់រំ និងការកែលម្អគុណភាពអប់រំនៅ​ទសវត្យចុងក្រោយនេះ​យ៉ាងណាក៍ដោយក៍បញ្ហាប្រឈមជាច្រើននៅ​តែកើតមាននៅក្នុងប្រទេសកម្ពុជា។  ជាឧទាហរណ៍៖ របាយការណ៍សន្និបាតអប់រំឆ្នាំ២០១៦ បានបង្ហាញពី​បញ្ហាប្រឈម ដែលពិបាក​ដោះស្រាយនៃចំនួន​កុមារដែលគ្រប់អាយុត្រូវ​ចុះឈ្មោះ​ចូលរៀននៅថ្នាក់ទី១ ការកើនឡើងនៃអត្រាត្រួតថ្នាក់នៅបឋមសិក្សា និងអត្រាចុះឈ្មោះចូលរៀនទាប​និង អត្រាបោះបង់ខ្ពស់នៅកម្រិត​មធ្យមសិក្សាបឋម​ភូមិ។ ក្នុងនោះការបោះបង់ការសិក្សា​គឺជាកង្វល់ដ៍ចំបង​ជាងគេ បើតាមបទពិសោធន៍ជាអន្តរជាតិ បានឲ្យដឹងថា៖ អ្នកបោះបង់ការសិក្សា​នៅកម្រិតបឋមសិក្សា​ច្រើន​តែចាកចេញពីសាលារៀន​​ដោយគ្មានចំណេះ​ដឹងអក្ខរកម្ម ការអាន សរសេរ និងការគិតលេខងាយៗនៅឡើយ។  ដូចដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅក្នុងអំលុងពេលធ្វើ​ពិធីផ្សព្វផ្សាយ​យុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥​កន្លងមកថា៖ «ចំណេះ​ដឹង​អក្ខរកម្មបើសិនជាមិនបានប្រតិបត្តិវាទេ វានឹងត្រូវបាត់បង់ទៅវិញជាមិនខាន»។ ដូច្នេះប្រសិនបើអ្នកបោះបង់ការសិក្សាទាំងអស់នោះ មិនបានអនុវត្តការអាន និងសរសេរឬ គិតលេខងាយៗ​នោះទេ ពួកគេនឹងងាយបាត់បង់បំ​និនទាំងអស់នោះហើយនឹង​ងាយធ្លាក់ខ្លួនចូលទៅក្នុងក្រុមអ្នកមិនចេះ​អក្សរជាមិនខាន។

ឆ្លើយបតទៅនឹងបញ្ហានេះក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំគោលន​យោបាយយុទ្ធ​សាស្រ្តជាច្រើន​ ដើម្បីលើកកម្ពស់សេវា​អប់រំសម្រាប់​កុមារ យុវជននិងជនពេញវ័យ​​ឲ្យទទួលបាន​ការអប់រំនិង​កាត់​បន្ថយអត្រា​បោះ​បង់ពីសាលារៀនក៏ដូចជាលើក​កម្ពស់អត្រាអក្ខរកម្មក្នុង​​ចំណោម​យុវជន​និងជនពេញវ័យ។ ជារៀងរាល់ឆ្នាំក្រសួងអប់រំតែង​​តែរៀប​ចំយុទ្ធនាការ​ចុះឈ្មោះ​ចូលរៀន​នៅដើម​​ឆ្នាំសិក្សា​ដើម្បី​ផ្សព្វផ្សាយ​ និងជម្រុញកុមារមកសាលារៀន។ ដើម្បីបង្កើនគុណភាពនៃការរៀនសូត្រ ជាពិសេសគឺភាសារខ្មែរ និងគណិតវិទ្យា ក្រសួងអប់រំបានធ្វើការណែនាំអំពីវិធីសាស្រ្តបង្រៀនអំណាន​ និងអក្ខរ​សាស្រ្ត រាប់បញ្ចូលទាំង​ការវាយតម្លៃ​អំណាន​ដំបូង និងការវាយតម្លៃគណិតវិទ្យា​នៅថ្នាក់ដំបូងផងដែរ។ បន្ថែមលើសពីនេះទៀតកាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាល​បាន​យល់ព្រម​កំណត់យកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាអំណានជាតិដើម្បីបណ្តុះទម្លាប់អាននិងលើក កម្ពស់វប្បធម៌អាននៅក្នុងសង្គមកម្ពុជា។

ក្រសួងអប់រំក៏កំពុងតែសាកល្បងកម្មវិធីប្រឹក្សាយោបល់អំ​ពីការងារ និងផែនការអនាគតនៅតាមសាលារៀន​​នៅក្នុងខេត្តបាត់ដំបង ដើម្បី​កាត់បន្ថយអត្រាបោះបង់ការសិក្សាជាពិសេសនៅ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ។ ជាមួយយុទ្ធសាស្រ្តទាំងអស់នេះ និងកិច្ចខិតខំប្រឹងប្រែង​ទាំងឡាយរបស់រាជរដ្ឋាភិបាលជាមួយក្រសួងអប់រំ យុវជន និងកីឡាបានធ្វើ​ឲ្យមានការកើនឡើង​នូវអត្រាអក្ខរកម្មជនពេញវ័យ​នៅប៉ុន្មាន​ទសវត្យមក​នេះ។

ចំពោះអត្រាអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមរបាយការណ៏អង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ (បោះពុម្ភដោយក្រសួងផែនការឆ្នាំ២០១៥) បង្ហាញថាអត្រាអក្ខរកម្មជន​ពេញវ័យគឺ៧៩.៧% (ស្ត្រី៧៣.៦%)​ក្នុងឆ្នាំ២០១៣ កើនឡើងពី ៧៧.៦% ក្នុងឆ្នាំ២០០៨។ របាយការណ៏ដដែលក៏បានបង្ហាញ​ពីគម្លាតឆ្ងាយពីគ្នាប្រហែល១៤% រវាងបុរសនិងស្រ្តីនៅ​តាមតំបន់ជនបទនិងទីប្រជុំជន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអនក្ខរភាពនេះ អង្គការយូណេស្កូបាន​និងកំពុង​ជួយគាំទ្រដល់​ក្រសួងអប់រំ យុវជននិងកីឡាក្នុងការលើក​កម្ពស់ការងារអក្ខរកម្ម​នៅទូទាំងប្រទេសតាមរយៈកម្មវិធីការ​អភិវឌ្ឍ​សមត្ថភាពការអប់រំ​សម្រាប់ទាំងអស់គ្នា​ចាប់តាំងពីឆ្នាំ២០១០ មកដោយជួយគាំទ្រជាបច្ចេកទេស​លើការធ្វើផែន​ការយុទ្ធសាស្រ្ត ការកសាងសមត្ថ​ភាពវិជ្ជាជីវៈ​និងស្ថាប័ន ការសិក្សាស្រាវជ្រាវ ការត្រួតពិនិត្យនិងតាមដាន ក៏ដូចជាសកម្មភាព តស៊ូមតិផ្សេងៗទៀត។ ឧទាហរណ៍មួយក្នុងចំណោម​ឧទាហរណ៍ជាច្រើនគឺ ផែនការពន្លឿនអក្ខរកម្មជាតិ​ដែលបានជួយឲ្យក្រសួងអប់រំ យុវជននិងកីឡា អនុវត្តយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥នៅទូទាំងប្រទេស។ ជាលទ្ធផលក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំដំណើរការថ្នាក់អក្ខរកម្មចំនួន ៣២៥០ថ្នាក់ មានសិស្សជាជនពេញវ័យចំនួន​៦៦,៦៤២នាក់ ត្រូវជា៧១%ជាស្រ្តី បានចូលរួមក្នុងយុទ្ធនាការនេះ។

ក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការយូណេស្កូនិងដៃគូដ៏ទៃទៀតនឹងប្រារព្វទិវាអក្ខរកម្មជាតិ និងអន្តរជាតិ ៨កញ្ញា នៅខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «អក្ខរ​កម្មរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ»។ សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែង​រកមតិគាំទ្រជាបន្តបន្ទាប់កន្លងមកដែលធ្វើ​ឲ្យកើតមានឡើងនូវសមិទ្ធផលជាក់​ស្តែងស្តីពីសារៈ​សំខាន់នៃអក្ខរ​កម្មនិងទំនាក់ទំនងរបស់វា​ជាមួយនឹងមុខរបរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ ជាឧទាហរណ៍កាលពីឆ្នាំកន្លងទៅសិស្សអក្ខរកម្មម្នាក់នៅខេត្តកំពង់ឆ្នាំង បាននិយាយថា៖ «មានរោង​ចក្រជាច្រើន​នៅ​ក្នុងខេត្តកំពង់ឆ្នាំងមិន​ទទួលយកកម្មករណា ដែលធ្វើតែស្តលើការអាន និងសរសេរមិនជាប់នោះទេ ហើយបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីអក្ខរកម្មមក ពួកគេភាគ​ច្រើនបានទៅ​ធ្វើតែស្តជាប់ និងបានទទួល​យកចូលធ្វើ​ការនៅតាមរោងចក្រ​ទាំងនោះ» ។ រៀនសូត្របទពិសោធន៍ពីយុទ្ធនា​ការអក្ខរកម្មជាតិនិងការខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់កន្លង​មកក្នុង​ការផ្តល់ឱកាស​រៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូរួមគ្នាជាមួយក្រសួងកិច្ចការនារី អង្កការស៊ីប៉ា ក្រុមហ៊ុនទូរស័ព្ទចល័តស្មាត ព្រមទាំងដៃ​គូជាតិ និងអន្តរជាតិនានាធ្វើការសាកល្បង​អនុវត្តកម្មវិធីកញ្ចប់​អក្ខរកម្ម​ជាមួយអនក្ខរជន ជាជនពេញវ័យ​នៅតាមរោងចក្រជា​ពិសេសគឺស្រ្តី។ កម្មវិធីនេះជួយគាំទ្រដោយអង្គការ​​យូណេស្កូ ដោយប្រើ​ប្រាស់កញ្ចប់ថវិកាមាឡាឡាសម្រាប់សិទ្ធិទទួលបានការអប់រំ​របស់ស្ត្រីក្នុងគោលបំណង ជួយឲ្យកុមារីនិងស្រ្តីវ័យក្មេង ដែលធ្វើការនៅតាមរោង​​ចក្រកាត់ដេរទទួលបាន​ជំនាញ​អក្ខរកម្មមូលដ្ឋាន​ដើម្បីធ្វើ​ការកែលម្អទំនាក់ទំនង​ក្នុង​ការងារប្រចាំថ្ងៃ កែលម្អផលិតភាព និងលទ្ធផលការងាររបស់ពួកគេ។  កម្មវិធីនេះនឹងចាប់ផ្តើមនៅតាមរោង​ចក្រចំនួន៤ក្នុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងពង្រីកច្រើន​បន្ថែមទៀត​នៅឆ្នាំ២០១៧។ ដូចដែលបានលើកទឹកចិត្តដោយ​សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា និងអង្គការយូណេស្កូសូមប្រ​កាស​អញ្ជើញរោងចក្រ​ទាំងអស់ចូល​រួម​ក្នុងការរៀបចំបើកថ្នាក់​កញ្ចប់អក្ខរកម្មនេះ​សម្រាប់កម្មករទាំងអស់គ្នាឳ្យបានរៀនសូត្រគ្រប់ៗគ្នា។

បន្ថែមពីកម្មវិធីអក្ខរកម្មសម្រាប់ជនពេញវ័យ ក្រសួងអប់រំយុវជននិងកីឡា​និងអង្គការ​យូណេស្កូកំពុងតែរៀប​ចំកម្មវិធីសមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាមប្រព័ន្ធអនឡាញ​មួយ​ដោយប្រើប្រាស់ ប្រព័ន្ធបច្ចេក​វិទ្យាព័ត៌មាន​និងសារគមនាគមន៍​សម្រាប់យុវជននិងជនពេញវ័យនៅក្រៅសាលារៀន។ ក្រសួងអប់រំនិងអង្គការយូណេស្កូបានអញ្ជើញនាយកដ្ឋានជំនាញដែលពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការ​មិនមែនរដ្ឋាភិបាលនិងវិស័យឯក​ជន​ចូលរួមក្នុងកិច្ចការនេះ។ ការបង្ហាញពីរបៀបរៀនតាមអនឡាញនេះ ត្រូវបានរំពឹងទុកថានឹងអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស​ ទៅនឹងតម្រូវការរៀន​សូត្ររបស់​យុវជន និងជនពេញវ័យនៅក្រៅ​សាលារៀនជាពិសេសអ្នកដែលបានស្វែងរកការងារធ្វើដោយមិនបានបញ្ចប់ការអប់រំ​កម្រិតមូលដ្ឋាននៅឡើយ។ កម្មវិធីនេះនឹងជួយឲ្យ​អ្នក​ដែលចាប់អារម្មណ៍​នឹងការរៀនសូត្រ​អាចបញ្ចប់ការអប់រំ​កម្រិត​មូលដ្ឋាននៅក្នុង​ពេលដែលពួកគេ​កំពុងតែធ្វើការងារព្រម​​ទាំងជួយធ្វើឳ្យប្រសើរឡើង​នូវអត្រាបញ្ចប់​ការអប់រំ​កម្រិតមូលដ្ឋាន​នៅ​ក្នុងប្រទេសកម្ពុជា។

ថ្ងៃនេះឆ្លៀតពេលដែលយើងប្រារព្វទិវារអក្ខរកម្មជាតិនិងអន្តរជាតិឆ្នាំ២០១៦ ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូសូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា​និងសង្គម​ស៊ីវិល ក៏ដូចជាវិស័យឯកជនទាំងអស់សម្រាប់​ការបន្តរជួយគាំទ្រ និងធ្វើសហប្រតិបត្តិការលើក​កម្ពស់ការងារអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅ​នឹង​បញ្ហាប្រឈមខាងមុខ​យើងខ្ញុំសូម​ឲ្យ​មានការចូលរួមយ៉ាង​សកម្មពីគ្រប់អ្នកពាក់ព័ន្ធ​​ទាំងអស់ថែមទៀត​ ដើម្បីធ្វើឲ្យ​មានការ​ជឿ​ជាក់ថាប្រទេសកម្ពុជា គឺ​ជា​ប្រ​ទេស​ទី​មួយ​នៅក្នុង​ប្រជាជាតិអាស៊ាន ដែលសម្រេច​បានគោល​ដៅ​ប្រកបដោយ​ចីរភាពនៃការអប់រំឆ្នាំ២០៣០៕

ដោយ៖ បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី អាន ឡឺមែត្រ តំណាងអង្គការយូណេ​ស្កូប្រចាំ​ប្រទេសកម្ពុជា