(កណ្តាល)៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៦ខ្នង ក្នុងនោះ៤ខ្នង ត្រូវបានដីបាក់ចូល និង១២ខ្នងទៀត ត្រូវបានរុះរើចេញពីមាត់ច្រាំង ក្រោយពីមានហេតុការណ៍ បាក់ដីនៅច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ពិតជាមានករណីបាក់ច្រាំងទន្លេ បណ្តោយប្រមាណជាង២០០ម៉ែត្រ និងជម្រៅចូលមកផ្លូវជាតិ កន្លែងបាក់ខ្លាំងប្រវែងប្រមាណ២០ម៉ែត្រ បណ្តាលឲ្យបាក់ចូល ក្នុងទឹករួមមាន៖ រោងចំបើង០១ខ្នង រោងគោ០១ខ្នង ផ្ទះបាយ០១ខ្នង និងបង្គន់អនាម័យ០១ខ្នង។

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១២ខ្នងត្រូវបានរុះរើចេញ និងដីបាក់ចូលដល់ក្នុងផ្ទះ០៤ខ្នង សរុប១៦ខ្នង។ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច នគរបាល អាវុធហត្ថ អាជ្ញាធរស្រុក ឃុំ-ភូមិ និងក្រុមយុវជន កំពុងជួយអន្តរាគមន៍រុះរើ៕