(កំពង់ស្ពឺ)៖ ជាថ្មីម្តងទៀត ក្រុមគ្រួសារនិងសាច់ញាតិ សពបុរសដែលជាអ្នកលក់គោយន្ត នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានទទូចហើយទទូចទៀត សូមឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ពិសេស លោកឧត្តមសេនីយ៍ស្នងការ ជួយស៊ើបអង្កេត ស្វែងរកការពិតនៃគ្រោះថ្នាក់ដែលកើតឡើងលើឪពុករបស់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងជិត៩យប់ នៅផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការទទូចនិងអំពាវនាវ យ៉ាងដូច្នេះពីសាច់ញាតិ របស់ជនរងគ្រោះធ្វើឡើងបន្ទាប់ពី ពួកគាត់ទទួលបានដំណឹងថា ស្នងការនគរបាលខេត្តកំពង់ស្ពឺ គ្រោងបិទបញ្ចប់សំណុំរឿងនេះចោល។

សាច់ញាតិបុរសរងគ្រោះខាងលើ បានប្រាប់អង្គភាព Fresh News ថា លោកទទួលបានដំណឹងថា ស្នងការខេត្តកំពង់ស្ពឺ ចង់បិទសំណុំរឿងនេះចោល ដោយត្រឹមតែចាត់ទុកថា ករណីស្លាប់របស់លោក ឈាង ឆា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាអ្នកគ្រឿងម៉ាស៊ីន និងគោយន្ត នៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាករណីគ្រោះថ្នាក់ចរាចរណ៍។ ខណៈដែលគ្រួសារនិងសមត្ថកិច្ចមូលដ្ឋាន បានមានពន្លឺខ្លះៗ អំពីគ្រោះនេះថាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះឡើយអាច ជាករណីឃាតកម្ម។

លោក លាង ប៊ុនហាក់ អាយុ៣៦ឆ្នាំ ជាកូនប្រុសរងគ្រោះ ដែលត្រូវបានសមត្ថកិច្ចអះអាងថា បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តខ្លួនឯងថយក្រោយកិននោះ ធ្លាប់បានប្រាប់អង្គភាព Fresh News លោកនិងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិមិនជឿទេថា ការស្លាប់របស់ឪពុកខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ។ លោកជឿជាក់ថា ការស្លាប់នេះអាចជាករណីឃាតកម្ម ប្លន់យក ទ្រព្យសម្បត្តិច្រើនជាង។

លោក លាង ប៊ុនហាក់ បានឲ្យដឹងថា សាកសពរបស់ឪពុករបស់លោក បានស្លាប់ក្នុងថ្លុកឈាម ហើយនៅសៀតផ្កាផ្នែកខាងឆ្វេង ទទួលនូវការវាយប្រហារយ៉ាងខ្លាំង ដែលធ្វើឲ្យគាត់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ។ ជាមួយគ្នានេះ លោកធ្លាប់ទទួលដំណឹងពី អ្នកឃើញហេតុការណ៍ថា មុនកើតហេតុមានមនុស្ស ប្រមាណ២-៣ នាក់ បាននិយាយជាមួយគាត់។ ចំពោះហេតុផលថា រថយន្តថយក្រោម បុកស្លាប់នោះ ក៏ដូចជាមិនទំនងនោះទេ។

លោកបន្តថា ខ្លួនមិនដឹងថា ឪពុករបស់គាត់មុនពេលស្លាប់ មានលុយប៉ុន្មានចាប់ខ្លួនទេ ប៉ុន្តែក្រោយពេលស្លាប់ គឺសល់លុយតែ ១ម៉ឺន៥ពាន់រៀល ប៉ុណ្ណោះ។ ខណៈមានទូរស័ព្ទមួយគ្រឿងទៀត នៅជាប់នឹងដៃ។  

កូនប្រុស និងសាច់ញាតិ ជនរងគ្រោះបានឲ្យដឹងថា «ខ្ញុំ និងក្រុមគ្រួសារ សំណូមពរឲ្យលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង និង លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ កែវ ពិសី ជួយជំរុញឲ្យមានការស៊ើបអង្កេតករណីនេះ ស្វែងរកការពិតជូនគ្រួសាររបស់ខ្ញុំ»​

សូមជម្រាបថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មុខពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ត ម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ដល់កន្លែងកើតហេតុបានឈប់រថយន្ត ក៏បើទ្វាររថយន្តដើម្បីអោនក្អួត រួចធ្លាក់ទៅដី ហើយរថយន្តបានរអិលថយក្រោយ ហើយក៏ត្រូវរថយន្តថយក្រោយកិនស្លាប់ នៅកន្លែងហើយ​ឡានធ្លាក់ចូលប្រឡាយតែម្តង។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះធ្វើការពិនិត្យកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ឆ័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្រវឹង ពេលបើកបរក៏ឈប់រថយន្ត បើកទ្វារដើម្បីក្អូត ក៏ធ្លាក់ដី ហើយរថយន្តកិនស្លាប់តែម្តង ។ សមត្ថកិច្ចបញ្ជាក់ថា ចំណុចកើតហេតុជាចំណុចផ្លូវឡើងទើប បណ្តាលឲ្យរថយន្តរអិលថយក្រោយ កិនម្ចាស់ខ្លួនឯងស្លាប់ និងធ្លាក់ប្រឡាយ។

យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងករណីនេះអង្គភាព Fresh News មិនទាន់អាចទំនាក់ទំនងសំុការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននៅឡើយនោះទេ នៅថ្ងៃទី៨ ខែកញ្ញានេះ៕