(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Dragon បង្កើនជើងហោះហើរពីទីក្រុងហុងកុង មកកម្ពុជាបន្ថែមទៀត បន្ទាប់ពីបានប្តូរស្លាកសញ្ញាមកពី Dragonair ដែលបានបង្កើតឡើងក្នុងឆ្នំា១៩៨៥ និងជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលផ្តល់សេវាទៅកាន់ទិសដៅជាង២០០នៅលើពិភលោក។

លោក Josh Williams នាយកគ្រប់គ្រប់ក្រុមហ៊ុនCathay Dragon ប្រចំាកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីប្តូរស្លាកសញ្ញាពី Dragonair ទៅ Cathay Dragon នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ការប្តូរស្លាកសញ្ញានេះ នឹងជួយឲ្យ Cathay Dragon និង Cathay Pacific កាន់តែរីកចម្រើនជាងមុន ទំាងនៅក្នុងការផ្តល់សេវាដឹកភ្ញៀវ ដឹកទំនិញ មួយចំណែកពីទីក្រុងហុងកុងមកកម្ពុជា។

លោកបន្តថា បន្ទាប់ពីបម្រើសេសេវាកម្មហោះហើរ នៅកម្ពុជាក្នុងកំឡុងឆ្នាំ១៩៩៣ ក្រុមហ៊ុនមានជើងហោះហើរចំនួនពីរជើង ក្នុងមួយសប្តាហ៍ តែបើគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ បានបង្កើនចំនួន ជើងហោះហើរ របស់ខ្លួន រហូតដល់ទៅ១២ជើង ក្នុងមួយសប្តាហ៍ សម្រាប់រវាងរាជធានីភ្នំពេញ និងទីក្រុងហុងកុង ហើយចំនួន៤ ជើងផ្សេងទៀតក្នុងមួយសប្តាហ៍ រវាងខេត្តសៀមរាប និងទីក្រុងហុងកុង។

បន្ថែមលើសពីនេះទៅទៀត នៅចុងខែកញ្ញានេះ គ្រោងនឹងបន្ថែមជើងហោះហើរចំនួនពីរទៀត រវាងពីទីក្រុងហុងកុង មកភ្នំពេញ ហើយពីទីក្រុងហុងកុង មកខេត្តសៀមរាបចំនួន៣ជើងទៀត នៅដើមខែវិច្ឆិកា ខាងមុខនេះ៕