(តាកែវ)៖ កាកបាទក្រហមកម្ពុជា រួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានជូនស្ត្រីឈ្មោះ សូ សុខុម អាយុ ៤៣ឆ្នាំ មានជំងឺមហារីកសុដន់ ដែលបាន និងកំពុងព្យាបាលធូរស្បើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រឡប់ទៅកាន់លំនៅឋានវិញ នៅភូមិពុម្ពអិដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ។

ទន្ទឹមនឹងការជូនដំណើរនេះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាននាំមកជាមួយនូវអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង មុង២ ភួយ២ សារុង២ ក្រមា២ និងថវិកាចំនួន ៣លានរៀល មកជូនអ្នកជំងឺ និងក្រុមគ្រួសារផងដែរ។ ដោយឡែក លោកយាយ លោកតា ចំនួន ១២នាក់ ដែលរស់នៅជិតខាង ក៏ទទួលបានក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះ អ្នកស្រី សូ សុខុម និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានការសណ្តោសប្រណី និងចាត់មន្ត្រីមកចុះសួរសុខទុក្ខដល់ក្រុមគ្រួសារអ្នកស្រីរៀងរហូតមក ចាប់តាំងពីការបញ្ជូនមកព្យាបាលនៅភ្នំពេញ តាមរយៈ រថយន្តមន្ទីរពេទ្យបង្អែកស្រុកគិរីវង្ស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ហើយពេលនេះ បានជូនមកគេហដ្ឋានវិញទៀត។ អ្នកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានព្យាបាលយ៉ាងយកចិត្តទុកដាក់ និងអស់ពីចិត្តពីថ្លើម ពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានជួយ​សម្រួល​ការព្យាបាលដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់អ្នកជំងឺ ត្រូវថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងត្រូវមកចាក់ថ្នាំគីមី​ឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលបានយកចិត្តទុកដាក់លើសុខុមាលភាពស្ត្រីជាទូទៅ ជាពិសេស លើស្ត្រីក្រីក្រលំបាក មានជំងឺធ្ងន់ធ្ងរ និងខ្វះលទ្ធភាពក្នុងការទទួលសេវាព្យាបាល ជាក់ស្តែង ចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ កាកបាទក្រហមកម្ពុជា បានជួយសម្របសម្រួលឱ្យស្ត្រីមានជំងឺមហារីកសុដន់ និងជំងឺស្បូន ទទួលបានការវះកាត់ព្យាបាលពីមន្ទីរពេទ្យដោយឥតគិតថ្លៃបានជាង ១០នាក់ រួចមកហើយ៕