(វៀងច័ន្ទ)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទទូចឲ្យមេដឹកនាំប្រទេសហ្វីលីពីន លោក Rodrigo Duterte ដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មគ្រឿងញៀនដោយប្រើ «មធ្យោយត្រឹមត្រូវ» បន្ទាប់ពីមនុស្សជាង ៣,០០០នាក់ត្រូវបានសម្លាប់ ក្នុងការបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន ក្នុងអំឡុងពេលតែពីរខែប៉ុណ្ណោះ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

«ទោះបីជាបទល្មើសគ្រឿងញៀនគួរឲ្យស្អប់ខ្ពើមយ៉ាងណាក៏ដោយ និងថ្វីបើវាបានបង្កការខូចខាត ដល់សង្គមយ៉ាងណាក្តី អ្វីដែលសំខាន់នោះ គឺការយល់ឃើញរបស់យើងម្នាក់ៗ ដែលត្រូវប្រាកដថា យើងជ្រើសរើសយកវិធីត្រឹមត្រូវ មកដោះស្រាយ»

នេះជាការលើកឡើងរបស់លោក អូបាម៉ា នៅពេលលោក ត្រូវបានគេសួរអំពីអ្វីដែលមាននៅក្នុង ការជួបសន្ទនាគ្នា រវាងលោក និងប្រធាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅជំនួបក្រៅផ្លូវការ ក្នុងកិច្ចប្រជុំអាស៊ាន នាទីក្រុងវៀងច័ន្ទប្រទេសឡាវ៕