(ព្រៃវែង)៖ សាលាបឋមសិក្សា «ចាថងណាង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអគារមួយខ្នង ចាស់ទ្រុឌទ្រោម ប្រេះរបេះថ្មជាអន្លើរៗ បង្កជាការព្រួយបារម្មណ៍ ខ្លាចបាក់ស្រុតគ្រោះថ្នាក់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលចូលទៅរៀនសូត្រក្នុងអាគារនោះ។

លោក កែវ សុវណ្ណា នាយកសាលាបឋមសិក្សា «ចាថងណាង» បានឲ្យដឹងថា អគារសិក្សាមានចំនួន២ខ្ទង ចែកចេញជា៦បន្ទប់ បានសាងសង់ឡើងអស់ជាច្រើនឆ្នាំមកហើយ អគារមួយដែលមាន២បន្ទប់នោះ មានសភាពចាស់ បាក់បែកប្រេះ ដំបូលលិច ហើយជ្រុះរបេះថ្មជាអន្លើៗ ដោយសារសាលាពុំមានថ្នាក់រៀនផ្សេង ទើបសិស្ស និងគ្រូនៅតែត្រដរចូលរៀន ក្នុងសាលាបាក់បែកទាំងក្តីព្រួយបារម្មណ៍។

លោកបន្តទៀតថា សិស្សានុសិស្សចេះតែមានការកើនឡើងរាល់ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ សិស្សសរុបមានចំនួន២៧៤នាក់ ស្រី១៣៥នាក់ ហើយមានបុគ្គលិកអប់រំចំនួន៩នាក់ ស្រី៤នាក់ ធ្វើការបង្រៀនរាល់ថ្ងៃ។

មាតាបិតាសិស្សបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានតែសាលាបឋមសិក្សានេះមួយទេ ដែលបានផ្ដល់ឱ្យកូនចៅរបស់ពួកគាត់ បានចូលរៀនសូត្រ ជាថ្នាលបណ្តុះវិជ្ជាបង្កើ​នូវធនធាន​មនុស្ស។ សាលាដទៃមានទីតាំងនៅឆ្ងាយណាស់ ក្មេងៗជួបការលំបាកធ្វើដំណើរទៅរៀនសូត្រ។ មកដល់ពេលនេះ សាលាខាងលើមានតែអគារមួយខ្នង ថែមទាំងទទួលរងភាពទ្រុឌទ្រោម បង្កឲ្យមាន​ការព្រួយបារម្មណ៍ខ្លាចគ្រោះថ្នាក់ដល់កូនចៅពួកគាត់។

បញ្ហាកង្វល់របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស បានធ្វើឱ្យពួកគាត់ខំដង្ហោយហៅ និងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ សប្បុរសជន ជួយជួសជុលអគាររបស់សាលារៀនខាងលើ ក៏ដូចជា ជួយកសាងអគារថ្មីថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅដល់សិស្ស លោកគ្រូ អ្នកគ្រូ ដែលចូលរៀនក្នុងសាលាមួយនេះ៕